(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Jean Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែករក្សាសន្តិភាព ជួបសម្ដែង​ការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

កម្ពុជាមកដល់ពេលនេះមានមោទនភាព ដែលធ្លាប់តែជាប្រទេសញាំញីដោយសង្គ្រាម​រាប់​រយឆ្នាំ អាចស្វែងរកសន្តិភាពពេញលេញដោយខ្លួនឯង ហើយថែមទាំងអាចចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងបុព្វហេតុសន្តិភាពពិភពលោក។  ចាប់ពីឆ្នាំ២០០៦ ដល់ខែមិថុនា ឆ្នាំ ២០២៤ កម្ពុជាបានបញ្ជូនកងទ័ពរក្សា​សន្តិ​ភាព ក្រោមឆ័ត្រអង្គការសហប្រជាតិ ចំនួន ៩,៥៧០នាក់ (ស្ត្រី ៨១៨នាក់) ទៅបេសក​កម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន ១០ រួមមាន ប្រទេសស៊ូ​ដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្រ្វិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី យេម៉ែន និងកុង​ហ្គោ។

គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៤ មានកងទ័ពរក្សាសន្តិភាពកម្ពុជាចំនួន ៦២៧  ស្ត្រី ១២៥នាក់ ត្រូវបានដាក់ពង្រាយ នៅស៊ូដង់ខាងត្បូង (UNMISS) លីបង់ (UNFIL) អាហ្រ្វិកកណ្តាល (MINUSCA) កុងហ្គោ (MONUSCO) និងស៊ូដង់ (UNISFA)។

កម្ពុជាបន្តឈរនៅលំដាប់កំពូលទាំង២៥ ក្នុងចំណោមប្រទេសចំនួន១២១ ដែលរួម​ចំណែកកងទ័ពក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាប់​ចំណាត់​ថ្នាក់លេខ៣ (បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី) នៃបណ្តាប្រទេស​អាស៊ាន។ សម្រាប់ការរួមចំណែកដល់កងទ័ពស្ត្រី កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៤ ក្នុងចំណោមប្រទេសចំនួន១១៩ និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេស​អាស៊ាន។

សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដែលបានសម្រេចចិត្តក្នុងការបញ្ជូនកងទ័ព​កម្ពុជា​ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិកាលពីឆ្នាំ២០០៦។ សម្តេចតេជោ ធ្លាប់បានបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺជាការលំបាក និងជាការទទួលខុសត្រូវដ៏ធំផងដែរ ចំពោះមុខនៃសុខសុវត្ថិភាពរបស់កងកម្លាំងកម្ពុជា៕