(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាពិតជាបញ្ចប់ឆ្នាំដំបូងរបស់ខ្លួន ប្រកបដោយជោគជ័យ និងមោទនភាព ដើម្បីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការកសាងសមិទ្ធផលជូន ជាតិមាតុភូមិក្នុងការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។

ការលើកឡើងរបស់សម្តេចធិបតីដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ក្នុងកិច្ចប្រជុំនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត​ បានកត់សម្គាល់ថា ក្នុងរយៈពេលជាង ១០ខែកន្លងទៅនេះ រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលធំៗ ព្រមទាំងវឌ្ឍនភាពល្អប្រសើរជាច្រើន ទាំងនៅតាមបណ្តាការដ្ឋានកែទម្រង់ និងទិសដៅការងារផ្សេងទៀត។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ព្រមទាំងវិធានការគន្លឹះទាំង៥ កំពុងត្រូវបានអនុវត្តយ៉ាងសស្រាក់សស្រាំ និងបានផ្តល់ផលប្រយោជន៍យ៉ាងវិជ្ជមាន ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។

ជាក់ស្តែង នៅក្នុងបរិការណ៍ដែលពិភពលោក កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា កម្ពុជារក្សាបាននូវសុខ សន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ខណៈដែលស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ក៏ត្រូវបានពង្រឹងតាម រយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។ វឌ្ឍនភាពដ៏ល្អប្រសើរទាំងនេះ មិនអាចសម្រេចបានឡើយ ដោយគ្មានការចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវ ពីគ្រប់តួអង្គពាក់ព័ន្ធ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីម្ចាស់ការ និងបុរេសកម្មរបស់ក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធទាំងអស់ដែលបាន និងកំពុងរួមគ្នាអនុវត្តការងារ នៅក្នុងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»៕