(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរ និងប្រគល់គ្រឿងចក្រវិស្វកម្ម ជាលើកទី២ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ផ្តល់ជូនកម្ពុជា សម្រាប់គម្រោងហ្វឹកហ្វឺនត្រីភាគី កម្ពុជា-កូរ៉េ-អសប ខាងមុខនេះ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា ការផ្តល់ជំនួយគ្រឿងចក្រវិស្វកម្មនាពេលនេះ គឺជាសក្ខីភាព នៃការស្តាចំណងមិត្តភាពការទូត កម្ពុជា-កូរ៉េ តាមរយៈការអញ្ជើញទស្សនកិច្ចសាធារណរដ្ឋកូរ៉េជាលើកដំបូងរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះដែរ ភាគីគូរ៉េ បានផ្តល់ជំនួយឥតតំណងដល់កម្ពុជា ក្នុងទំហំទឹកប្រាក់សរុប ១លានដុល្លារ ហើយជំនួយនេះសម្តេចតេជោ ត្រូវបានស្នើប្តូរជាគ្រឿងចក្រជំនួសវិញ។

ការផ្តល់ជូនគ្រឿងចក្រជាលើកដំបូង ត្រូវបានធ្វើឡើងក្រោយការចុះអនុស្សរណនៃការយោគយល់ ស្ដីពីប្រតិបត្តិការរក្សាសន្តិភាព រវាងកម្ពុជា-កូរ៉េ និងការផ្ទេរប្រគល់គ្រឿងចក្រវិស្វកម្ម ក្រោមគម្រោងហ្វឹកហ្វឺនត្រីភាគី អ.ស.ប ដែលត្រូវបានចុះហត្ថលេខាជាផ្លូវការ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក Lee Jong-Sup រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ អំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក ក្នុងទឹកដីខេត្តសៀមរាប។ ក្នុងឆ្នាំ២០២៤នេះ សាធារណរដ្ឋកូរ៉េ បានផ្តល់គ្រឿងចក្រវិស្វកម្មជាលើកទី២ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (PKO) ខេត្តកំពង់ស្ពឺ ដោយសរុបចំនួនទាំងលើកទី១ និងលើកទី២ កូរ៉េ បានផ្តល់គ្រឿងចក្រ ៨គ្រឿង។

ទន្ទឹមនឹងការផ្តល់ជូនគ្រឿងចក្រជាលើកទី២ កម្ពុជា-កូរ៉េ ក៏បានបន្តចុះអនុស្សរណនៃការយោគយល់ ស្ដីពីប្រតិបត្តិការរក្សាសន្តិភាពរវាងកម្ពុជា-កូរ៉េ និងផ្តល់គ្រឿងចក្រជាលើកទី៣ សម្រាប់ប្រើប្រាស់ក្នុងគម្រោងហ្វឹកហ្វឺនត្រីភាគី នាចុងឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី។ គ្រឿងចក្រ ដែលផ្តល់ជូនជាលើកទី៣នេះ នឹងមកដល់កម្ពុជានាខែតុលាខាងមុខនេះ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ក្នុងការជួយឧបត្ថម្ភគាំទ្រ ដល់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដើម្បីបន្តរួមចំណែកក្នុងកិច្ចការរក្សាសន្តិភាព ដើម្បីបុព្វហេតុសន្តិភាព និងសន្តិសុខក្នុងលោក៕