(កំពង់ធំ)៖ លោក ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ បានជំរុញដល់ពុទ្ធបរិស័ទបន្តសហការគ្នាបន្ថែមទៀតដើម្បីចូលរួមចំណែកកសាងសមិទ្ធផលនានាក្នុងទីវត្តអារាមដើម្បីគាំទ្រដល់វិស័យព្រះពុទ្ធសាសនា។

លោកបានថ្លែងដូចនេះនៅក្នុងពិធីឆ្លងសមិទ្ធផលនានា និងពុទ្ធាភិសេកព្រះពុទ្ធបដិមាចូលបរិនិព្វាន១អង្គ នៅវត្តពុទ្ធនិវេដ្ឋានអ៊ុននឹង ភ្នំបារៀង នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅភូមិបាក់ស្រី ឃុំគោល ស្រុកប្រាសាទសំបូរ។

លោក ឃឹង នុភាព បានរំលេចឡើងនៅចំណុចសំខាន់ៗចំនួន៤៖

១. កោតសរសើរចំពោះគណៈកម្មការចៅអធិការពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ដែលបានចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធទីវត្តអារាម នេះបង្ហាញឲ្យឃើញពីការចូលរួមនិងការសហការគ្នាបានល្អក្នុងការគាំទ្រវិស័យព្រះពុទ្ធសាសនា។

២. បានរំលឹកឡើងវិញ ពីការកកើតសភាលើកដំបូងក្នុងឆ្នាំ១៩៩៣ អាណត្តិទី១ តាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការបោះឆ្នោត ដែលមានអនុប្រធានចំនួន២នាក់ មានលេខាធិការដ្ឋាន និងមាន ១០គណៈកម្មការដែលទទួលបន្ទុកក្រសួងចំនួន៣២ ដែលអាណត្តិទី ៧ នេះមានសម្ដេច ឃួន សុដារី ជាប្រធាន ដែលសភានេះមានតួនាទីសំខាន់ចំនួន៣គឺ តំណាងតាមដាន និង និតិកម្ម ដែលចូលរួមចំណែកក្នុងការចុះជួប ចុះជួយបងប្អូនប្រជាពលរដ្ឋ ព្រមទាំងដោះស្រាយនៅបញ្ហាប្រឈមនានាដល់ពួកគាត់បានទាន់ពេលវេលា ស្របទៅតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល

៣. បង្ហាញពីកង្វល់ នឹងក្តីបារម្ភចំពោះបញ្ហាសុខភាពពិសេសការកើតឡើងនៅជំងឺទឹកនោមផ្អែម នាពេលថ្មីៗនេះទៅលើកុមារជិត៧០០នាក់ ដែលធ្វើឱ្យប៉ះពាល់និងបន្ទុកធ្ងន់ធ្ងរដល់គ្រួសារ និងសង្គមជាតិ។ តាមការអង្កេតទៅលើកម្មកររោងចក្រឃើញថាភាគច្រើនពួកគាត់ហូបេសជ្ជៈផ្អែមច្រើន ដែលធ្វើឲ្យពួកគាត់ប្រឈមហ្នឹងការកើតជំងឺទឹកនោមផ្អែមក្នុងរយៈពេលខ្លី ដែលធ្វើឲ្យប៉ះពាល់ដល់កម្លាំងពលកម្មនាពេលខាងមុខ។ ដូច្នេះបងប្អូនទាំងអស់ត្រូវតែគិតគូរនិងយល់ដឹងពីការថែទាំសុខភាព ព្រមទាំងអប់រំកូនចៅត្រូវតែប្រុងប្រយ័ត្នចំពោះការពិសារភេសជ្ជៈជ្អែមនេះ

៤. គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគិតគូរទៅលើយុវជនចំនួន ១ លាន ៥ សែននាក់ដែលត្រូវបណ្ដុះបណ្ដាលឲ្យមានជំនាញច្បាស់លាស់ដោយរាជរដ្ឋាភិបាលព្យាយាមបង្កើតវិទ្យាស្ថានយ៉ាងច្រើននៅទូទាំងប្រទេស ដើម្បីឲ្យពួកគេមានជំនាញមួយច្បាស់លាស់ ទី១គឺជំនាញសម្រាប់ខ្លួនឯង ទី ២ គឺជំនាញសម្រាប់ក្រុមហ៊ុនវិនិយោគ មានន័យថាក្រុមហ៊ុនត្រូវមានតម្រូវការសំខាន់បំផុតគឺកម្មករជំនាញ ដូច្នេះហើយរាជរដ្ឋាភិបាលកម្ពុជាបានខិតខំផលិតធនធានមនុស្សស្របតាមតម្រូវការនិងនិងទីផ្សារការងារ។

លោកបានពាំនាំផ្ដាំផ្ញើនិងសាកសួរសុខទុក្ខពីលោក វង្សី វិស្សិត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលតែងតែគិតគូរយ៉ាងយកចិត្តទុកដាក់ជូនដល់បងប្អូនឲ្យបានទាន់ពេលវេលា។ លោកបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះពុទ្ធបរិស័ទចំណុះជនវត្ត អាចារ្យ គណៈកម្មការ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យព្រះពុទ្ធសាសនា ដែលធ្វើឱ្យវិស័យនេះនៅឋិតថេរគង់វង្សយូរអង្វែង ដែលជាទីគោរពបូជា ដល់បងប្អូនប្រជាពលរដ្ឋ៕