(បាត់ដំបង)៖ ខេត្តបាត់ដំបងនឹងអនុវត្តយុទ្ធនាការ «ផ្ទះមួយខ្នងដើមឈើមួយដើម» ចាប់ពីសប្តាហ៍ក្រោយ។ នេះបើតាមកិច្ចប្រជុំអំពីយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើម ដែលធ្វើឡើងក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី៥ ខែកក្កដា។

លោក សុខ លូ បានលើកឡើងថា សម្រាប់យុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមនេះ គឺដាំសំដៅបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងសូមឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាដើមឈើដែលបានដាំ ដើម្បីជាផលប្រយោជន៍របស់ពួកគាត់នៅពេលខាងមុខនេះ។

លើសពីនេះ លោកក៏បានណែនាំដល់សង្កាត់នានាក្នុងក្រុងថា ការដាំកូនឈើត្រូវជៀសវាងមិនឱ្យប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋឡើយ ហើយត្រូវរៀបចំចាត់ចែងកម្លាំងឱ្យបានគ្រប់គ្រាន់សម្រាប់ដំណើរការបើកយុទ្ធនាការដាំកូនឈើ នាថ្ងៃទី១១ ខែកក្កដាខាងមុខនេះ រហូតដល់ចប់ និងបន្តដាំនៅតាមបណ្តាទីប្រជុំជននៅគ្រប់ស្រុកផ្សេងទៀតផងដែរ៕