(កំពង់ឆ្នាំង)៖ ក្រុមការងារគណបក្សចុះជួយស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក សាន់ យូ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដារ ស្រុកកំពង់លែង ដោយមានការចូលរួមពីលោក សំ ចាន់ថន ប្រធានគណបក្សស្រុក ក្រុមការងារគណបក្សខេត្ត ស្រុក សមាជិកគណបក្ស ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូបទៀត។

លោក សាន់ យូ បានលើកកឡើងថា គណបក្សប្រជាជនកម្ពុជាបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ ដោយមានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយម ដើម្បីឯករាជ្យជាតិ។ គ្រប់ដំណាក់កាលគណបក្សប្រជាជនកម្ពុជាបានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តុងឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាជាច្រើន ជាពិសេសបានផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រក្សាបានសន្តិភាព កសាងប្រទេសឡើងវិញពីបាតដៃទទេក្រោមគំនរផេះផង់នៃសង្គ្រាម រហូតមានការអភិវឌ្ឍជាតិរីកចម្រើនមកដល់បច្ចុប្បន្ន។

លោកបន្តថា ជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យគណបក្សអនុវត្តនូវការសម្រេចចិត្តរបស់ខ្លួន ក្នុងការប្រគល់ភារកិច្ចដឹកនាំប្រទេសជាតិដល់ជួរអ្នកបន្តវេនវ័យក្មេង ដែលត្រូវបានបណ្តុះបណ្តាល និងត្រៀមលក្ខណសម្បត្តិយ៉ាងហ្មត់ចត់នឹងត្រឹមត្រូវ។ កិច្ចការនេះបានប្រព្រឹត្តទៅដោយរលូនក្នុងស្មារតីរក្សាដាច់ខាតនូវនិរន្តរភាពជាតិ និងដើម្បីធានានូវសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។ មកដល់ពេលនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគ្រប់គ្រងប្រទេសប្រកបដោយភាពជោគជ័យ ជាក់ស្តែងសន្តិភាព និងស្ថិរភាពនយោបាយត្រូវបានការពារយ៉ាងរឹងមាំ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមមានភាពល្អប្រសើរ សេដ្ឋកិច្ចបន្តមានកំណើនសង្គម មានស្ថិរភាព ព្រមជាមួយនោះកិត្យានុភាពជាតិ ក៏កាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ។

លោកបន្តទៀតថា ការពិតជាក់ស្តែង ទាំងអស់នេះបានឆ្លុះបញ្ចាំងច្បាស់នូវការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការប្រគល់ភារកិច្ចដឹកនាំដល់ជួរអ្នកបន្តវេន ក្នុងការបន្តថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ៕