(រតនគិរី)៖ លោកឧត្តមសេនីយ៍ឯក តាន់ សំណាងអគ្គស្នងការរង ទទួលផែនបុគ្គលិកនិងធនធានមនុស្ស តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញបើកវគ្គបំប៉នជំនាញការងារថ្នាក់ដឹកនាំដល់ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី លោកស្នងការនគរបាលខេត្តក្រចេះ លោកស្នងការនគរបាលខេត្តស្ទឹងត្រែង និងលោកស្នងការនគរបាលខេត្តមណ្ឌលគិរី និងឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ដែលជាសិក្ខាកាមមកពីខេត្តចំនួន៤ខាងលើ ចំនួន៦៣នាក់(ស្រី៤នាក់)។

វគ្គបំប៉នជំនាញថ្នាក់ដឹកនាំដល់ស្នងការរងនេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ឯក តាន់ សំណាង បានលើកឡើងថា សិក្ខាកាមក្នុងវគ្គនេះ មានគ្រូឧទ្ទេសនាមមកពីក្រសួងមហាផ្ទៃ ដែលមានបទពិសោធន៍ជាង៤០ឆ្នាំ។ លោកឧត្តមសេនីយ៍អគ្គស្នងការរងបានផ្ដល់អនុសាសន៍ ដល់សិក្ខាកាមដែលបានចូលរៀនវគ្គបំប៉នខាងលើ ត្រូវយកចំណេះដឹងទាំងនោះទៅអនុវត្តផ្ទាល់ឲ្យមានប្រសិទ្ធភាព បម្រើការងារជូនអង្គភាពខ្លួន និងប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ។

លោកឧត្តមសេនីយ៍ឯក តាន់ សំណាង បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ត្រូវបន្តស្វែងយល់ចំណេះដឹងបន្ថែម ពិសេសចំណេះដឹងផ្នែកពត៌មានវិទ្យា បង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ និងត្រូវពង្រឹងការងារភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ព្រោះការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានល្អប្រសើរ នាំឲ្យមូលដ្ឋានរបស់យើងគ្មានបទល្មើស គ្មានអំពើលួច ឆក់ ប្លន់ជាដើម៕