(សៀមរាប)៖ លោក លី សំរិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់គោកចក នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសកែសម្រួល និងតែងតាំងសមាសភាពក្រុមការងារគណបក្សខេត្ត នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប។

ក្នុងកិច្ចស្វាគមន៍របស់លោកស្រីប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់គោកចក បានលើកឡើងថា ក្រុមការងារចុះមូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រ ទាំងបច្ចេកទេស និងធនធានដល់គណបក្សសង្កាត់ ភូមិ លើការអនុវត្ត គោលនយោបាយជាយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះចំនួន៥ សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ ជម្រុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឲ្យប្រទេសកម្ពុជា ព្រមទាំងលើកឡើងពីការងារកសាងកម្លាំងស្នូលនៃគណបក្ស សង្កាត់ និងតាមបណ្តាសាខាភូមិ ក្នុងគោលដៅរក្សាចាស់ បង្កើនថ្មី។

លោក លី សំរិទ្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារថ្នាក់ខេត្តទាំងអស់ និងសមាជិក សមាជិកាគណបក្សប្រជាជានកម្ពុជាសង្កាត់គោកចក និងអនុសាខាភូមិទាំង៨ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងថវិកា ដើម្បីបុព្វហេតុប្រជាជន និងត្រូវបន្តសហការស្អិតរមួតជាមួយគណៈកម្មាធិការបក្សខេត្ត ក្រុង សង្កាត់ និងសាខាបក្សភូមិ ដើម្បីបន្តបម្រើប្រជាពលរដ្ឋ ក្នុងសង្កាត់គោកចក ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមស្មារតីនៃមហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា។

លោកបានបន្តថា ដើម្បីបំពេញការងារឲ្យមានប្រសិទ្ធភាពខ្ពស់ ប្រធានក្រុមការងារ ត្រូវដាក់ចេញផែនការដល់ក្រុមការងារសម្រាប់អនុវត្តន៍បន្ត គឺត្រូវបន្តការងារចុះមូលដ្ឋានតាមភូមិ ក្រោយពីការរៀបចំកែសម្រួលសមាភាពក្រុមការងារចុះមូលដ្ឋានសង្កាត់ និងត្រូវបន្តផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្ស ដែលបានដាក់ចេញតាមរយៈកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងត្រូវអនុវត្តបណ្តាការងារសំខាន់ៗលើ (យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា គឺផ្តោតសំខាន់លើអាទិភាពចំនួន៥ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ) ក្នុងការជម្រុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឲ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់ ព្រមទាំងបន្តពង្រឹងការអនុវត្ត ថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបន្តពង្រឹងការអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព យកចិត្តទុកដាក់បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឲ្យមានប្រសិទ្ធិភាពខ្ពស់។

លោកបានបញ្ជាក់ថា ការរៀបចំកែសម្រួល និងតែងតាំងសមាភាពក្រុមការងារចុះមូលដ្ឋានសង្កាត់គោកចកនាពេលនេះ សំដៅក្នុងការ ពង្រីកពង្រឹងនូវអង្គការចាត់តាំងគណបក្សថ្នាក់មូលដ្ឋានឲ្យកាន់តែរឹងមាំ ក្នុងការរក្សាចាស់បង្កើនថ្មី។

ជាមួយនេះដែរ ក៏បានក្រើនរំលឹកដល់ គណបក្សគ្រប់លំដាប់ថ្នាក់ សំខាន់គណបក្សសង្កាត់ ត្រូវរៀបចំចងក្រងនិងធ្វើផែនការប្រចាំឆ្នាំរបស់ខ្លួន និងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងគោលដៅឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២៧៕