(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលនានារបស់សាលាបឋមសិក្សា និងអនុវិទ្យាល័យមិត្តភាពកម្ពុជា-ឥណ្ឌូណេស៊ី នៅស្រុកកំចាយមារ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។

សូមជម្រាបថា ស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា និងសមាជិកសហគមន៍ឥណ្ឌូណេស៊ីនៅកម្ពុជា បានរួមគ្នាដើម្បីស្តារឡើងវិញនូវសាលាបឋមសិក្សា និងអនុវិទ្យាល័យមិត្តភាពកម្ពុជា-ឥណ្ឌូណេស៊ី នៅខេត្តព្រៃវែង។ព្រឹត្តិការណ៍នេះបានបង្ហាញពីការរួមចំណែកយ៉ាងសំខាន់សម្រាប់សហគមន៍មូលដ្ឋាន ខណៈដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូតទ្វេភាគី និងខួបលើកទី៧៩ នៃឯករាជ្យភាពរបស់ប្រទេសឥណ្ឌូណេស៊ី។

សូមបញ្ជាក់ថា ដំណើរការជួសជុលដែលចំណាយអស់ជាង៣៤,០០០ដុល្លារអាមេរិក រួមមានការផ្គត់ផ្គង់សម្ភារសិក្សាថ្មី ការផ្គត់ផ្គង់មន្ទីរពិសោធន៍ គ្រឿងសង្ហារឹម បន្ទប់ទឹក កន្លែងអានសៀវភៅ និងខ្លោងទ្វារសាលាថ្មី។ កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានគាំទ្រទាំងស្រុងដោយការបរិច្ចាគសប្បុរសពីបុគ្គលិកស្ថានទូត និងសមាជិកនៃសហគមន៍ឥណ្ឌូណេស៊ី ដែលសព្វថ្ងៃនេះមានចំនួនជិត ១០០,០០០នាក់។

លោកឯកអគ្គរដ្ឋទូត Santo បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍ឥណ្ឌូណេស៊ីនេះ គឺជាសក្ខីភាពមួយចំពោះទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងឥណ្ឌូណេស៊ី និងកម្ពុជា។ សាលានេះត្រូវបានសាងសង់ឡើងជាមួយនឹងមូលនិធិ ដែលផ្តល់ដោយរដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងឆ្នាំ១៩៩៥។ វាមានសិស្សជាង៧៩០នាក់ ចាប់ពីថ្នាក់មត្តេយ្យដល់កម្រិតមធ្យមសិក្សា។

លោកឯកអគ្គរដ្ឋទូត Santo បានបន្ថែមថា ស្ថានទូតឥណ្ឌូណេស៊ី និងសហគមន៍ឥណ្ឌូណេស៊ីនៅកម្ពុជា ប្តេជ្ញាធានាថាសិស្សានុសិស្សនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យមិត្តភាពឥណ្ឌូណេស៊ី-កម្ពុជា មានសម្ភារៈចាំបាច់សម្រាប់សិក្សារបស់ពួកគេ។  សិស្សទាំងនេះគឺជាអនាគតនៃកិច្ចសហប្រតិបត្តិការឥណ្ឌូណេស៊ី-កម្ពុជា។

ទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូណេស៊ី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៩ ដោយមានការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពរវាងសាធារណរដ្ឋឥណ្ឌូណេស៊ី និងព្រះរាជាណាចក្រកម្ពុជា។ ប្រទេសឥណ្ឌូនេស៊ីនឹងប្រារព្ធខួបលើកទី ៧៩នៃទិវាបុណ្យឯករាជ្យជាតិរបស់ខ្លួននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។

លោក សួន សុម៉ាលីន បានថ្លែងថា ជាមួយនឹងខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរបស់កម្ពុជា និងឥណ្ឌូនេស៊ី មានទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរក្នុងរយៈពេលប្រមាណជិត៧ទសវត្សរ៍កន្លងមកនេះ ដែលបានផ្តល់នូវផ្លែផ្កាជាច្រើនតាមរយៈ ទំនាក់ទំនងគ្នាកម្រិតខ្ពស់ ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ជាមួយនេះ សូមអបអរសាទខួប៧៩ឆ្នាំ (១៧ សីហា ១៩៤៥) នៃថ្ងៃបុណ្យឯករាជ្យជាតិ ឥណ្ឌូនេស៊ីផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត សូមថ្លែងអំណរគុណចំពោះ សប្បុរសជន និងស្ថានទូតឥណ្ឌូនេសុី ដែលបានចំណាយថវិកាអស់ចំនួន $១០៥,០០០ សម្រាប់ការជួយសាងសង់ និងជួសជុលកែលម្អសោភ័ណ្ឌភាព សាលាបឋមសិក្សា និងអនុវិទ្យាល័យមិត្តភាពកម្ពុជា-ឥណ្ឌូនេសុី នេះឡើងវិញ ក្នុងន័យចូលរួមក្នុងវិស័យអប់រំនៅមូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេស ការកសាងធនធានមនុស្ស ប្រកបដោយ សមត្ថភាពដើម្បីបម្រើតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕