(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ ប្រធាន FTC បានលើកឡើងថា មុននឹងសរសេរព័ត៌មាន អ្នកសរសេរត្រូវយល់ព័ត៌មានជាមុនសិន ដើម្បីឱ្យអានយល់ច្បាស់ កាន់តែជក់ចិត្ដបន្ថែមទៀត។ លោកបានលើកឡើងបែបនេះ នៅក្នុងថ្នាក់សិក្សាអំពីរបៀបសរសេរព័តមាន ជំនាន់ទី៧ របស់ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន FTC នៅព្រឹកថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០២៤ ចុងសប្ដាហ៍នេះ។

លោក ម៉ារ យ៉ារិទ្ធិ បានបញ្ជាក់ថា ការសរសេរអត្ថបទក្តៅ Spot News គឺជាការសរសេរ ដែលមិនត្រូវការប្រើពេលវេលាយូរ ដើម្បីបង្ហាញនូវទិដ្ឋភាពរស់រវើកទាំងឡាយនោះទេ។ អត្ថបទក្តៅ Spot Newsជាអត្ថបទ Inform ជូនដំណឹង ជាមួយការការរៀបរាប់សាឡើងវិញប៉ុន្តែលម្អិតនូវ 5W’s & How និងដកស្រង់សម្តី សាក្សី និងការបញ្ចូលនូវសាវតារឿងដែលជាប់ពាក់ព័ន្ធ។

លោប្រធានមជ្ឈមណ្ឌល បានរំលឹកថា Breaking News គឺជារឿងដែលកំពុងកើតឡើង ឬ ទើបនឹងកើតដែលគេត្រូវជួន ដំណឹងសិននៅមុនពេល ដែលគេនឹងសរសេរវាម្តងទៀតជាដំណឹងក្តៅ។ ជាធម្មតា Breaking News ឬព័ត៌មានទាន់ហេតុការណ៍នេះ ត្រូវបានការផ្សាយព័ត៌មានរបស់វិទ្យុ ឬ ទូរទស្សន៍តែងបញ្ចេញ ព័ត៌មានបន្តិចជាមុន ដើម្បីការអូសទាញមនុស្សដើម្បីត្រូវតាមដានក្នុងពេលបន្តមកទៀត។ Breaking News អាចសរសេរដោយប្រើតម្លៃខ្លះរបស់ 5W’s។ មនុស្សមួយចំនួនហៅ វាថា News Flash ឬ Newsbreak។

គួរជម្រាបជូនថា លោក ម៉ារ យ៉ារិទ្ធិ គឺជាប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) និងជាគ្រូបង្គោល នៅក្នុងការសរសេរបង្ហាត់បង្រៀនផ្នែកសរសេរព័ត៌មានផ្ទាល់ផងដែរ។ បច្ចុប្បន្ន FTC មានការបណ្ដុះបណ្ដាលជំនាញចំនួន៣គឺ ទី១៖ ជំនាញសរសេរព័ត៌មាន ដោយលោក ម៉ារ យ៉ារិទ្ធ ទី២៖ ជំនាញថតរូបក្នុងវិជ្ជាជីវៈសាព័ត៌មាន គឺបង្រៀនដោយលោក ហេង ស៊ីនិត្យ និងទី៣៖ របៀបសរសេរសេចក្តីប្រកាសព័ត៌មានសម្រាប់ក្រុមហ៊ុនឯកជន ដែលសុទ្ធសឹងតែជាគ្រូជំនាញ និងមានបទពិសោធន៍ក្នុងការបំពេញការងារទាំងស្ថាបនជាតិ និងអន្តរជាតិជាង៣០ឆ្នាំមកហើយ៕