(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ស្ថាប័នពាក់ព័ន្ធ ដាំដើមឈើឲ្យបានច្រើន ដើម្បីរក្សាគម្របពណ៌បៃតង ការពារប្រព័ន្ធអេកូឡូហ្ស៊ី ប្រព័ន្ធជីវចម្រុះ និងការផ្ដល់នូវផាសុខភាពសម្រាប់ការរស់នៅ និងការលើកកម្ពស់គុណភាពជីវិតរស់នៅឱ្យមានភាពប្រសើរឡើង។

លោកអភិបាលខេត្តបានអំពាវនាវដូច្នេះនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅពេលប្រារព្ធរុក្ខទិវា ៩ កក្កដា ថ្នាក់ខេត្ត នៅបរិវេណបឋមសិក្សា ហ៊ុន ណេង ស្ថិតនៅក្នុងភូមិទ័ព ឃុំសុភាស ស្រុកស្ទឹងត្រង់ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណជិត៥០០នាក់។

លោកអភិបាលខេត្តបានថ្លែងថា ព្រៃឈើមានទំនាក់ទំនងជាសារវន្តជាមួយជីវិតលើភពផែនដី មូលហេតុចម្បងដែលនាំឱ្យជួបវិបត្តិធម្មជាតិ គឺមួយផ្នែកធំបណ្តាលមកពីការបាត់បង់និងរិចរិលព្រៃឈើ។ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមដោះស្រាយឱ្យបានជាអតិបរិមា ដើម្បីការពារធម្មជាតិមានតម្លៃនៅកម្ពុជា តាមរយៈការថែរក្សា ការការពារ និងដាំដើមឈើឡើងវិញឱ្យបានជាអតិបរិមា។

ម្យ៉ាងទៀត ព្រៃឈើជាសម្បត្តិធម្មជាតិដ៏មានសារសំខាន់ក្នុងការរក្សានូវលំនឹងបរិស្ថាន ដែលមានមុខងារជាច្រើន ដូចជា រក្សានិយតកម្មប្រភពទឹក ការពារទីជម្រាល ការពារការហូរច្រោះ ទាក់ទាញទឹកភ្លៀង បន្សុទ្ធខ្យល់អាកាស ផ្តល់ផល អនុផលព្រៃឈើសំរាប់ប្រើប្រាស់ រក្សាជីវចម្រុះ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ទេសចរណ៍ធម្មជាតិអេកូឡូស៊ី វប្បធម៌ និងជាទីជម្រកដ៏សុខសាន្តសម្រាប់សត្វគ្រប់ប្រភេទដែលមានជីវិតនៅលើភពផែនដីយើងនេះ។

លោកអភិបាលខេត្តបានអំពាវនាវចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អង្គភាពនានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គ្រប់គ្រឹះស្ថានសិក្សា ទីអារាមទាំងអស់ និងបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប មេត្តាយកចិត្តទុកដាក់ អនុវត្តលើចំណុចមួយចំនួនដូចតទៅ៖

*ទី១៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម ខណ្ឌរដ្ឋបាលព្រៃឈើ បន្តបង្កើនការបណ្តុះកូនឈើឲ្យបានច្រើនថែមទៀត ដើម្បីបំរើសកម្មភាពខាងលើ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីបង្កើនការចូលរួមដាំដើមឈើពីគ្រប់ស្រទាប់មហាជនពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែកើនឡើង។

*ទី២៖ សហការរួមគ្នាបន្តការដាំពូជឈើល្អៗគ្រប់ប្រភេទឲ្យបានកាន់តែច្រើនឡើងជាបន្តបន្ទាប់នៅលើដីទំនេរ ទីទួល ទីទំនាប តាមទីអារាម ស្ថាប័នគ្រឹះស្ថានសិក្សា ភូមិដ្ឋាននិងតាមទីសាធារណៈផ្សេងៗឲ្យបានច្រើនបន្ថែមទៀត ដើម្បីបង្កើនគម្របពណ៌បៃតងដ៍ស្រស់ត្រកាលនៅលើទឹកដីខេត្តកំពង់ចាម។

*ទី៣៖ ចំពោះពលរដ្ឋមួយចំនួនដែលធ្វើចំណាកស្រុកទៅប្រកបរបរកាប់អារឈើ ប្រមូលផល-អនុផលព្រៃឈើ ឬប្រមាញ់សត្វព្រៃខុសច្បាប់ សូមបង្វែរនូវសកម្មភាពអវិជ្ជមានទាំងនោះ មកធ្វើការបង្កើនផលិតភាពកសិកម្ម ដាំដុះចិញ្ចឹមសត្វ និងការងារផ្សេងៗ ដែលមានក្នុងមូលដ្ឋានរបស់យើង ដែលអាចជាជម្រើសដ៏សក្តិសិទ្ធិ ដើម្បីកាត់បន្ថយជាអតិបរមាទៅលើសកម្មភាពនៃការកាប់បំផ្លាញព្រៃឈើរបស់ប្រទេសជាតិ៕