(ភ្នំពេញ)៖ ផ្លូវលេខ១១៣ ដែលរងការខូចខាតដោយកន្លែង និងនូវមួយអន្លឺ (កើតជាជង្ហុកសំបុកមាន់) ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ បានចាប់ផ្ដើមជួសជុលជាបណ្ដើរៗឲ្យស្អាតល្អឡើងវិញហើយ ដើម្បីការពារកុំឲ្យរងការខូចខាតកាន់តែធ្ងន់ធ្ងរ ពីក្រុមការងារថែទាំផ្លូវ ដើម្បីជួយមួយផ្នែកលើការចំណាយថវិកាជាតិ ជួយសម្រួលមួយផ្នែកទៀត ដល់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាន់តែងាយស្រួលដល់ការធ្វើដំណើរចេញ-ចូលដឹកជញ្ជូនផ្សេងៗ របស់ប្រជាពលរដ្ឋ ក្រោមការយកចិត្តទុកដាក់ពីលោក ថេង សុថុល អភិបាលខណ្ឌ និងមន្ត្រីពាក់ព័ន្ធ។

លោក ថេង សុថុល ក្នុងឱកាសដឹកនាំមន្ត្រីជំនាញសាធារណៈការខណ្ឌ និងមន្ត្រីសង្កាត់-ភូមិ ចុះត្រួតពិនិត្យពីស្ថានភាពជួសជុលផ្លូវសំបុកមាន់នេះ បានលើកឡើងថា សម្រាប់ការយកចិត្តទុកដាក់ និងក្រោយពីការជួសជុលជាបន្តបន្ទាប់នូវផ្លូវទាំងឡាយ ដែលរងការខូចខាតកើតជាជង្ហុកតូច-ធំ (សំបុកមាន់) នៅក្នុងភូមិសាស្ត្រខណ្ឌ គឺមិនត្រឹមតែអាចចូលរួមជួយកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរនោះទេ, ថែមទាំងបានចូលរួមចំណែកក្នុងការជួយកាត់បន្ថយលើការចំណាយថវិការបស់ជាតិ និងកាន់តែងាយស្រួលដល់ការធ្វើដំណើរចេញ-ចូលដឹកជញ្ជូនផ្សេងៗ ពីសំណាក់ប្រជាពលរដ្ឋ។

លោក ថេង សុថុល បានលើកឡើងថា ការជួសជុលលប់បំបាត់ជង្គុកតូច-ធំ (សំបុកមាន់) គឺត្រូវបានធ្វើឡើង និងដោះស្រាយជាជំហ៊ានៗ និងបន្តធ្វើឥតឈប់ឈរនោះឡើយ និងជួសជុលឲ្យទាល់តែអស់ ចំពោះផ្លូវទាំងឡាយណា ដែលរងការខូចខាតនូវមួយអន្លើ បើទោះបីជាអាជ្ញាធរ មិនទាន់ទទួលបានការស្នើ ឫជាសំណូមពរណាមួយ ពីប្រជាពលរដ្ឋក៏ដោយ ប៉ុន្តែជាសេវាតម្រូវការចាំបាច់នៅចំពោះមុខ និងក្នុងនាមអាជ្ញាធរ ត្រូវមានវិធានការធ្វើត្រិះរិះ និងធ្វើតាមលទ្ធភាព ដែលអាចធ្វើទៅបាន ដើម្បីឆ្លើយតបឲ្យទាន់សភាពការ ដោយពុំបានគិតពីពេលវេលា និងគ្មានលក្ខខណ្ឌឡើយ ក្នុងការបម្រើជូនប្រជាពលរដ្ឋ ស្របតាមការដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសសម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា៕