(ភ្នំពេញ)៖ លោកស្រី កាមិកាវ៉ា យ៉ូកុ (KAMIKAWA Yoko) រដ្ឋមន្ត្រីការបរទេស​ជប៉ុន បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា គឺជាតួអង្គដ៏​សំខាន់​មួយរូប ដែលបានជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនកាន់តែល្អប្រសើរ។

លោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន បានគូសរំលេចបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនេះលោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្ដែងក្តីរីករាយ និងចាត់ទុកឱកាសបានជួបសម្តេចតេជោ ជាកិត្តិយសដ៏ធំធេងចំពោះលោកស្រី។
លោកស្រីបានរំលឹកថា លោកស្រីធ្លាប់បានជួបសម្ដេចតេជោម្ដងកាលពីឆ្នាំ២០០៥។

លោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន បានកោតសរសើរសម្ដេចតេជោដែលបានដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការកសាងទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ជាពិសេសចំពោះស្នាដៃ​ដ៏​ធំធេងរបស់សម្ដេចក្នុងការដំឡើងកម្រិតទទំនាក់ទំនងប្រទេសទាំងពីរដល់កម្រិតខ្ពស់។

លោកស្រី មានមោទនភាពជាខ្លាំងចំពោះទំនាក់ទំនងទ្វេភាគីយ៉ាងស្អិតល្មួត​រវាងកម្ពុជា​និង​ជប៉ុនលើគ្រប់វិស័យ។ លោកស្រីរដ្ឋមន្ត្រីការបរទេស​ជប៉ុន ជម្រាបជូនសម្តេចតេជោ អំពីកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការបស់លោកស្រីជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលបានផ្ដោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការថ្មីរវាងកម្ពុជា និងជប៉ុន និងប្រធាន​បទបច្ចុប្បន្នភាពតំបន់ និងសកល។

លោកស្រី បានបញ្ជាក់ពីបំណងចង់ឱ្យកម្ពុជា បន្តនិរន្តរភាពនៃការរីកចម្រើននៅ​ក្នុងកិច្ច​សហប្រតិបត្តិការលើវិស័យសំខាន់៣ រួមមាន ទី១) វិស័យហេដ្ឋារចនាសម្ព័ន្ធទឹក ដូចជា​ទឹកស្អាត ប្រព័ន្ធចម្រោះទឹកកខ្វក់, ទី២) វិស័យឌីជីថលដែលវិវត្តឥតឈប់ ដូច​ជា ប្រព័ន្ធ​5G សន្តិសុខអ៊ីនធឺណិត (cyber security)…។ល។, ទី៣) ការតភ្ជាប់សមុទ្រ ដូចជាកិច្ចសហប្រតិបត្តិការផែសមុទ្រ។

លោកស្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យសេដ្ឋកិច្ច និងបង្ហាញពីបំណងចង់​ផ្សព្វផ្សាយ​ពីសក្កានុពលសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីអាចទាក់ទាញក្រុមហ៊ុនវិនិយោគ​ជប៉ុនបន្ថែមទៀតមកកម្ពុជា។

លោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន ក៏បានលើកឡើងផងដែរពីការយកចិត្តទុកដាក់របស់​ជប៉ុនលើវិស័យបោសសំអាតមីន។ លោកស្រី បានបង្ហាញបំណងកិច្ចសហប្រតិបត្តិការ​ជាមួយកម្ពុជា ដែលនឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួត​ពិនិត្យឡើងវិញ​លើក​ទី៥ នៃអនុសញ្ញាអូតាវ៉ា នៅថ្ងៃ២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសៀមរាប។

លោកស្រីក៏បានជម្រាបសម្ដេចតេជោថា ជប៉ុនគ្រោងនឹងរៀបចំសន្និសីទអន្តរជាតិ​ស្តីពី​សកម្មភាពមីននៅអ៊ុយក្រែន នៅប្រទេសជប៉ុន ក្នុងឆ្នាំ២០២៥ និងបានស្នើសុំការគាំទ្រ​ពីកម្ពុជា។ ទាក់ទងបញ្ហាតំបន់ លោកស្រីបានកោតសរសើរកម្ពុជា និងសម្តេចតេជោ ដែលបានខិតខំប្រឹងប្រែងរកដំណោះស្រាយសន្តិភាពនៅមីយ៉ាន់ម៉ា នាពេលកន្លងមក និងបានបញ្ជាក់ថា ជប៉ុនយកចិត្តទុកដាក់លើការឯកភាពរបស់អាស៊ាន និងបន្តគាំទ្រ​អាស៊ានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PCs) ឱ្យមានប្រសិទ្ធ​ភាព។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញអារម្មណ៍រីករាយបានលោកស្រីរដ្ឋមន្ត្រីជាថ្មីម្តង​ទៀត បន្ទាប់ពីជំនួបកាលពី២០ឆ្នាំមុន។ សម្តេចតេជោ ក៏បានបង្ហាញក្តីរីករាយ​ដែល​លោកស្រីរដ្ឋមន្ត្រី អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យសមិទ្ធផលនៃ​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ចាប់តាំងពីជប៉ុន​បានចូលរួមក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជាមក។

សម្តេចតេជោ បានលើកឡើងថា ប្រទេសជប៉ុនបានផ្តល់ជំនួយយ៉ាងច្រើន សម្រាប់ការ​លូត​លាស់របស់កម្ពុជា នៅលើច្រើនវិស័យ ចាប់តាំងពីការជួយទៅលើផ្នែក​ទឹកស្អាត​ប្រើ​ប្រាស់ក្នុងក្រុង និងការជួយរំដោះទឹកចេញពីរាជធានីភ្នំពេញ ការជួយកសាង​ហេដ្ឋារចនា​សម្ព័ន្ធជាច្រើន ដូចជាការកសាងកំណាត់ផ្លូវជាតិលេខ៥ កំណាត់ផ្លូវជាតិលេខ១ដែលជា​ហាយវ៉េអាស៊ាន...។ល។

សម្ដេចតេជោ ហ៊ុន សែន បានអរគុណរដ្ឋាភិបាលជប៉ុនដែលបានចូលរួមចំណែក​ជំរុញ​សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន។ សម្ដេចតេជោ ធ្លាប់បានជួបគណៈប្រតិភូក្រុមហ៊ុនជប៉ុន​យ៉ាងច្រើន និងចង់ឱ្យក្រុមហ៊ុនជប៉ុនមកបណ្ដាក់ទុននៅកម្ពុជាឱ្យបានច្រើនបន្ថែម​ទៀត។

សម្ដេចតេជោប្រធានព្រឹទ្ធសភា ពិតជាមានមោទនភាពដែលបានធ្វើការជាមួយជប៉ុន​រហូតដល់សម្រេចក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីដើមឆ្នាំ២០២៣កន្លងទៅ។

សម្ដេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជា ទោះបីជាមានការផ្លាស់ប្ដូរនាយករដ្ឋ​មន្ត្រី ក៏​ដោយ ក៏ទំនាក់ទំនងកម្ពុជា-ជប៉ុន ពុំមានការផ្លាស់ប្ដូរទេ ផ្ទុយទៅវិញ មានតែជំរុញ​ទំនាក់​ទំនងនេះ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ សម្ដេចតេជោ បានរំលឹកថា កាលពី​ខែ​មករាកន្លងទៅនេះ សម្ដេចបានអញ្ជើញទៅទទួលកែវភ្នែកសិប្បនិម្មិតនៅទីក្រុងតូក្យូ ហើយក្នុងឱកាសនោះ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន បានទទួល​ស្វាគមន៍​សម្ដេចយ៉ាងកក់ក្តៅ ទោះបីជាសម្ដេចលែងជានាយករដ្ឋមន្ត្រីក៏ដោយ។

សម្ដេចតេជោ បានចាត់ទុកលោក គីស៊ីដា ហ្វូមីអូ ជាមិត្តចាស់។ សម្ដេច ក៏បានថ្លែង​អំណរ​គុណដល់លោកនាយករដ្ឋមន្ត្រីជប៉ុន ដែលបានផ្ញើសារអបអរសាទរសម្ដេច ពេលសម្ដេចក្លាយជាប្រធានព្រឹទ្ធសភា។

សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលទ្ធផលដែលលោកស្រីរដ្ឋមន្ត្រីការបរទេស​ជប៉ុន បានលើកឡើងក្នុងជំនួបជាមួយសម្ដេចធិបតី។

សម្ដេចតេជោ បន្តថា កម្ពុជា​តែង​តែគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ជប៉ុន។ កម្ពុជា​ជា​ប្រទេសដំបូងគេដែលបានគាំទ្រគំនិតផ្តួចផ្តើមឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរ (FOIP) របស់ជប៉ុន ហើយបានកត់សម្គាល់ថា កម្ពុជាមានជំហរមិនឆ្ងាយពីជប៉ុនទេ នៅ​ក្នុងបញ្ហាអន្តរជាតិ និងក្នុងការរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។

សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជានឹងចូលរួមក្នុងសន្និសីទស្ដីពីសកម្មភាពមីន​នៅអ៊ុយ​ក្រែន ក្នុងផ្នែកមនុស្សធម៌។

មុននឹងបញ្ចប់សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំលោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន ពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្តេច ជូនចំពោះលោកនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ, ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភា៕