(កំពង់ស្ពឺ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារអញ្ជើញចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ដែលរងគ្រោះដោយឆក់ខ្សែភ្លើងកាលពីម្សិលមិញ ស្ថិតនៅវត្តសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។

អភិបាលខេត្តកំពង់ស្ពឺលោក ជាម ចន្ទ័សោភ័ណ បានណែនាំឲ្យបងប្អូនប្រុងប្រយ័ត្ន ចំពោះការតបំបែកបណ្តាញអគ្គិសនីដោយគ្មានបច្ចេកទេស គឺជារឿងគ្រោះថ្នាក់បំផុត ដូច្នេះទាមទារឱ្យយើងទាំងអស់គ្នាត្រូវបង្កើនការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់បំផុតដើម្បីបញ្ជៀសនូវហានិភ័យជាយថាហេតុដូចករណីគ្រួសាររងគ្រោះនេះ។

លោកអភិបាលខេត្ត បន្តលើកឡើងថា ហេតុការណ៍ដែលបណ្តាលឱ្យស្លាប់ប្តីប្រពន្ធ និងចៅប្រុសដោយឧបទ្ទវហេតុឆក់ចរន្តអគ្គិសនីខាងលើ គឺជាសោកនាដកម្មដ៏អាក្រក់មួយសម្រាប់ក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវធនធាន គ្រួសារដ៏ល្អដែលឱ្យកូនៗ ចៅៗ និងបងប្អូនពិបាកទទួលយកខ្លាំណាស់។ តែទោះជាយ៉ាងណា ក៏សូមឱ្យបងប្អូនកូនក្មួយដែលជាសមាជិកគ្រួសារទាំងអស់ត្រូវទប់អារម្មណ៍និងកាត់ចិត្ត ហើយត្រូវគិតថាពួកគាត់បានស្ងប់ នៅក្នុងឋានសួគ៌ទៅចុះ ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ហេតុការណ៍ឆក់ចរន្តអគ្គិសនីសម្លាប់ជនរងគ្រោះ៣នាក់ខាងលើនេះ គឺជាសារដាស់តឿនមួយដល់បងប្អូនប្រជាពលរដ្ឋទូទៅ ឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះការតបំបែកខ្សែភ្លើងដោយខ្លួនឯង ដែលមិនមានជំនាញច្បាស់លាស់ ឱ្យបញ្ឈប់ជាបន្ទាន់នូវគិតអវិជ្ជមាននេះ ហើយងាក់ទៅរកមន្ត្រីបច្ចេកទេស ដែលគេមានជំនាញច្បាស់លាស់វិញ នៅពេលដែលចង់តឬបំបែកចរន្តសម្រាប់ប្រើប្រាស់នៅតាមទីតាំងផ្សេងៗ៕