(ភ្នំពេញ)៖ យុវជនកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះភាសាចិន ហើយចង់សិក្សារៀនភាសានេះ ដើម្បីងាយស្រួលស្វែងរកការងារធ្វើ និងពង្រីកទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិនឱ្យកាន់តែរឹងមាំទ្វេដង ខណៈដែលប្រទេសកម្ពុជា និងចិនមានកិច្ចសហប្រតិបត្តិការ ល្អលើគ្រប់វិស័យ។ ដូច្នេះអ្នកចេះភាសាចិនមានអាទិភាពខ្ពស់ ក្នុងការទទួលបានការងារនៅក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទំនាក់ទំនងការងាររដ្ឋ និងរដ្ឋជាដើម។

កញ្ញា អៀង សុជាតា ជានិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញនូវសារសំខាន់ចំពោះភាសាចិន សម្រាប់រៀនសូត្រស្រាវជ្រាវ ហើយមានតម្រូវការទីផ្សារការងារនៅកម្ពុជា។ កញ្ញា សុជាតា បន្ថែមយ៉ាងដូច្នេះ៖​ «ខ្ញុំគិតថា សន្ទុះនៃការរៀនភាសាចិនឥឡូវច្រើនមែនទែន ដោយសារតែឥឡូវហ្នឹង មិនថាក្មេងៗ ឬវ័យកណ្តាលទេ ពួកគាត់បានរៀនភាសាចិនជាច្រើន ។ ដោយសារតែសេដ្ឋកិច្ច ទីផ្សារយើងឥឡូវនេះ មានចិនចូលមកច្រើន អ៊ីចឹងយើងក៏រៀនភាសាចិនហ្នឹងជាភាសាទីពីរ។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំគិតថា មានការងារសម្រាប់អ្នកចេះភាសាចិនច្រើន»

ជាមួយគ្នានេះ កញ្ញាឈួនសុភាវត្តីជានិស្សិតមួយរូបទៀត បានលើកឡើងដែរថា ភាសាចិននាពេលបច្ចុប្បន្ននេះ មានទីផ្សារខ្ពស់ ព្រោះមានវិនិយោគទុនចិនជាច្រើនបានមកបណ្តាក់ទុនរកស៊ីនៅប្រទេសយើង។ កញ្ញាលើកឡើងថា៖ «ខ្ញុំមើលឃើញថា ភាសាចិននៅកម្ពុជាឥឡូវ មានការរីកចម្រើន ទូលំទូលាយជាងមុន ព្រោះប្រជាជនខ្មែរយើង ឬឪពុកម្តាយភាគច្រើន ពួកគាត់ឱ្យកូនរៀនភាសាចិនតាំងពីនៅតូចៗ ហើយពេលគាត់ធំឡើង នឹងមានភាពងាយស្រួលទំនាក់ទំនងជាមួយជនជាតិចិន ព្រោះកម្ពុជាយើងមានទំនាក់ទំនងជាមួយប្រទេសចិនខ្លាំង។ បើយើងចេះភាសាចិនពីឥឡូវទៅក៏ល្អដែរ»

លោក ហេង ពិសិដ្ឋ អតីតនិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ហើយបច្ចុប្បន្ន កំពុងបំពេញតួនាទីជាអ្នកបកប្រែ ភាសាចិនបានឱ្យដឹងថា ការចេះភាសាចិនគឺមានភាពងាយស្រួល ក្នុងការសិក្សាស្រាវជ្រាវពីប្រទេសចិន និងស្រួលរកការងារធ្វើនៅកម្ពុជា៖
លោកបញ្ជាក់ដូច្នេះថា៖ «ប្រទេសចិន គឺជាប្រទេសធំ មានប្រជាជនច្រើន មានប្រវត្តិសាស្ត្រ និងវប្បធម៌ ដ៏សម្បូរបែប។ ពេលខ្ញុំចេះ ភាសាចិន ខ្ញុំអាចប្រាស្រ័យទាក់ទងជាមួយជនជាតិចិន ទូទាំងពិភពលោកយ៉ាងរលូន និងអាចស្វែងយល់ពីប្រវត្តិសាស្ត្រ វប្បធម៌ នៃអរិយប្រទេសដ៏ចំណាស់នេះ។

ចំណុចសំខាន់មួយទៀតដោយសារនៅកម្ពុជា មានក្រុមហ៊ុនសហគ្រាសចិនមកវិនិយោគជាច្រើន ខ្ញុំស្រួលរកការងារធ្វើទទួលបាន ប្រាក់បៀវត្សខ្ពស់ ធ្វើសេដ្ឋកិច្ចក្រុមគ្រួសារបានល្អប្រសើរ»។ ជាការពិតណាស់គេឃើញមានយុវជនកម្ពុជាកាន់តែច្រើន បានរៀនភាសាចិនទាំងថ្នាក់ពេញម៉ោង និងថ្នាក់ក្រៅម៉ោង ទាំងនៅទីក្រុងនិងជនបទព្រោះភាសាចិន មានតម្រូវការទីផ្សារការងារខ្ពស់ មិនចំណាយពេលវេលាច្រើនសម្រាប់រៀនដូចជំនាញផ្សេងៗ។

សរុបសេចក្តីមក គ្រប់ជំនាញ គ្រប់ភាសាអន្តរជាតិទាំងអស់សុទ្ធតែសំខាន់ដូចគ្នា។ ក្នុងនោះភាសាចិន ក៏កំពុងតែមានទីផ្សារការងារ នៅកម្ពុជាច្រើនផងដែរ។ ប្រសិនបើយើងមានជំនាញវិជ្ជាជីវៈមួយច្បាស់លាស់ បូកបន្ថែមជាមួយភាសាចិន គឺមានអាទិភាពក្នុងការជាប់ងារ ហើយមានប្រាក់ខែខ្ពស់។ យុវជននៅតាមខេត្តនានា បើទោះបីជាពួកគេ មិនបានរៀនចប់មធ្យមសិក្សាទុតិយភូមិឬបញ្ចប់ថ្នាក់ទី១២ក្តី ក៏ពួកគេមាន ឱកាសទទួលបានការងារសមរម្យមានប្រាក់ខែខ្ពស់ដែរ ប្រសិនបើចេះភាសាចិន ព្រោះថា តាមរោងចក្រ សហគ្រាស ក្រុមហ៊ុនជាច្រើន មានថៅកែជាជនជាតិចិន ហើយសម្ភារៈភាគច្រើន ក៏សរសេរជាភាសាចិនដែរ។ ដូច្នេះច្បាស់ណាស់ គេត្រូវការកម្មករជំនាញ អាចចេះបកប្រែ និងនិយាយទំនាក់ទំនងគ្នាជាភាសាចិនជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន