(បាត់ដំបង)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលជួបលោកស្រី ខាមីខាវ៉ា យ៉ូកុ (KAMIKAWA Yoko) រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ដើម្បីពិភាក្សា និងស្វែងយល់អំពីការបោះឆ្នោតនៅកម្ពុជា នៅទីស្ដីការ គ.ជ.ប នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។

លោកស្រី ខាមីខាវ៉ា យ៉ូកុ បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅយប់ថ្ងៃទី០៥ ខែកក្កដានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។

ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

តាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសជប៉ុន បានអញ្ជើញចូលជួបសម្ដែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងមានជំនួបទ្វេរភាគីជាមួយ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា។

ដំណើរទស្សនកិច្ចនេះនឹងរក្សាសន្ទុះនៃការផ្លាស់ប្ដូរកម្រិតខ្ពស់ជាញឹកញាប់ និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន៕