(ភ្នំពេញ)៖ សមាគមគ្រូពេទ្យភ្នែកកម្ពុជា ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត ជុក ម៉ុលកុសុម៉ា បានសហការជាមួយកម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល រៀបចំសិក្ខាសាលា ស្ដីអំពី «ការវះកាត់ជំងឺភ្នែកឡើងបាយកម្រិតខ្ពស់» ដែលប្រព្រឹត្តនៅក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក នាយកមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត និងជាទីប្រឹក្សាក្រសួងសុខាភិបាល។

សិក្ខាសាលាខាងលើនេះបានធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ នាសណ្ឋាគារភ្នំពេញ។

តាមការបញ្ជាក់របស់លោកសាស្ដ្រាចារ្យ ងី ម៉េង បានឱ្យដឹងថា គោលបំណងនៃសិក្ខាសិលានេះ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ ដល់គ្រូពេទ្យភ្នែកគ្រប់ខេត្តក្រុងទូទាំងប្រទេស សរុប ១៥៨រូប អំពីការវះកាត់ភ្នែកឡើងបាយ ដែលមានលក្ខណៈទំនើប និងមានភាពស្មុគស្មាញ និងមានសារៈសំខាន់សម្រាប់ការគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្តរបស់ចក្ខុបណ្ឌិត ក្នុងការវះកាត់ភ្នែកឡើងបាយ ប្រកបដោយគុណភាព និង សុវត្ថិភាពខ្ពស់ ព្រមទាំងលើកកម្ពស់ការថែទាំសុខភាពភ្នែកឱ្យកាន់តែប្រសើរឡើង និងស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ និងកាត់បន្ថយភាពពិការភ្នែកនៅក្នុងប្រទេសកម្ពុជា។

សិក្ខាសាលាស្ដីពីការវះកាត់ជំងឺភ្នែកឡើងបាយកម្រិតខ្ពស់នេះ គឺទទួលបានការឧបត្ថម្ភថវិកាពី មូលនិធិ Fred Hallow ដែលកន្លងមកតែងតែគាំទ្រដល់ការបណ្តុះបណ្តាលធនធាមនុស្ស និងថវិកា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សមាគម ឱ្យមានភាពរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះផងដែរ៕