(កំពង់ស្ពឺ)៖ លោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (UN) បានថ្លែងថា តាមរយៈការៀបចំសាលាហ្វឹកហ្វឹនបានល្អ បង្ហាញថាកម្ពុជា ត្រៀមបានល្អប្រសើរ ហ្វឹកហ្វឺនកងកម្លាំងមានជំនាញវិជ្ជាជីវៈច្បាស់លាស់មុននឹងចាត់បញ្ជូនកងកម្លាំងថែរក្សាសន្តិភាពកម្ពុជាចេញបំពេញបេសកកម្មថែរក្សាសន្តិភាព UN។

ការថ្លែងបែបនេះរបស់អគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសលោក និងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី  អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានទស្សនកិច្ចសាលាហ្វឹកហ្វឺនរក្សាសន្តិភាពពហុជាតិ នៅខេត្តកំពង់ស្ពឺ។

នៅក្នងដំណើរទស្សនកិច្ចជាលើកដំបូងនេះ ប្រតិភូជាន់ខ្ពស់អង្គការសហប្រជាជាតិ បានទស្សនាគ្រឿងចក្រធុនធំត្រៀមបម្រុង បញ្ជូនទៅតំបន់បេសកកម្ម និងបានទស្សនាទីលានពិតធ្វើលំហាត់ហ្វឹកហ្វឺនដោះមីនកម្ទេចគ្រឿងផ្ទុះជាដើម។ 

លោក Jean-Pierre Lacroix ក៏បានធ្វើការកោតសរសើរ និងស្ញប់ស្ញែងចំពោះភាពជោគជ័យរបស់កម្ពុជា ដែលបានប្រែក្លាយខ្លួនពីប្រទេសដែលទទួលវត្តមានអង្គការសហប្រជាជាតិ មកជាប្រទេសដែលបញ្ជូនកម្លាំងចូលរួមយ៉ាងសកម្មនៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយបានចែករំលែកនូវជំនាញវិជ្ជាជីវៈនៅក្នុងការអនុវត្ត ជាពិសេសក្នុងភារកិច្ចបោសសម្អាតមីន និងកម្ទេចគ្រាប់មិនទាន់ផ្ទុះ។

លោក Jean-Pierre Lacroix បានបន្ថែមថា ការចូលរួមរបស់កងកម្លាំងមួកខៀវកម្ពុជានៅតំបន់ខ្លះ គឺមិនងាយស្រួលនោះទេ ហើយតំបន់ខ្លះក៏ប្រឈមនឹងការលំបាកផងដែរ។ លោក Jean-Pierre Lacroix បានបន្តថា បច្ចុប្បន្នកងកម្លាំងកម្ពុជា មានបទពិសោធន៍ល្អប្រសើរ ក្នុងការងារបំពេញបេសកកម្មថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌ UN ហើយលោកបានស្នើកម្ពុជាចែករំលែកបទពិសោធន៍ចំណេះដឹងល្អប្រសើរ ជូនបណ្តាប្រទេសនានាក្នុងក្របខ័ណ្ឌ UN ផងដែរ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី  អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងការស្វាគមន៍ដំណើរទស្សនកិច្ចនេះ ហើយថាក្នុងឆ្នាំ២០០៦ កម្ពុជា ចាប់ផ្តើមបោះជំហានទៅមុខ ដោយការបញ្ជូនកងកម្លាំងទៅកាន់សាធារណរដ្ឋស៊ូដង់លើកដំបូង ហើយឆ្នាំ២០២៤នេះ មានរយៈពេល១៨ឆ្នាំ ក្នុងបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប កម្ពុជា បានបញ្ជូនកងកម្លាំងសរុប ៩៥៧៩នាក់ ក្នុងនោះនារី ៨១៨នាក់ ទៅកាន់ប្រទេសចំនួន១០ និង១២ បេសកកម្ម។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្ថែមថា បច្ចុប្បន្ន កម្ពុជា កំពុងមានភាពលេចធ្លោក្នុងការបញ្ជូនមេកងជានារី ចំនួន៣នាក់ ទៅកាន់តំបន់បេសកកម្ម រួមមាន៖ សាធារណរដ្ឋអាហ្រ្វិកកណ្តាល លីបង់ និងស៊ូដង់ខាងត្បូង។ ទន្ទឹមនោះ អាត្រាក្នុងការបញ្ជូនកងកម្លាំងជានារីរបស់កម្ពុជាទៅតំបន់បេសកកម្ម មានប្រមាណ ១៧.២ភាគរយ ដោយនាយឧត្តមសេនីយ៍ ក៏បានប្តេជ្ញាបន្តបង្កើនចំនួនយោធិននារីបន្ថែមផងដែរ៕