(ភ្នំពេញ)៖ លោកស្រី ខាមីខាវ៉ា យ៉ូកុ (KAMIKAWA Yoko) រដ្ឋមន្ត្រីការបរទេសជប៉ុន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះទស្សនកិច្ចនៅនៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន(CMAC)។

ក្នុងជំនួបជាមួយលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា, លោកស្រីរដ្ឋមន្ត្រីបានលើកឡើងថា ការបណ្តុះបណ្តាលធនធានមនុស្សជាបញ្ហាស្នូលនៃវិធានការរប្រយុទ្ធប្រឆាំងគ្រាប់មីន។ សម្រាប់ជំនួយក្នុងការប្រយុទ្ធប្រឆាំងគ្រាប់មីនគឺយើងត្រូវការចូលរួមពីសំណាក់គ្រប់ភាគីទាំងអស់ដូចជាបច្ចេកវិទ្យា និងបទពិសោធន៍ ពីគ្រប់ស្ថាប័ន។

លោកស្រីបានបញ្ជាក់បន្ថែមថា ប្រទេសជប៉ុននឹងរួមកិច្ចសហការជាមួយកម្ពុជាយ៉ាងលម្អិតលម្អន់បន្ថែមទៀត ក្នុងនេះដូចជា៖ ការលើកកម្ពស់យល់ដឹងពីហានិភ័យ ការរត់រក និងការកំចាត់មីន ជំនួយដល់ជូនរងគ្រោះជាដើម។

លោក ហេង រតនា ឱ្យដឹងថា ដំណើរទស្សនកិច្ច និងខ្លឹមសារប្រកាសអំពីយុទ្ធសាស្ត្រថ្មីនៃកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា គំនិតផ្តួចផ្តើមលើសកម្មភាពមីននឹងផ្តល់នុវសារៈសំខាន់ មានទស្សនវិស័យវែង ឆ្ងាយស៊ីជម្រៅក្នុងគោលបំណងជួយដល់ជនរងគ្រោះដោយសារមីន និងយុទ្ធភ័ណ្ឌសំណល់សង្គ្រាម ការបង្ការការពារសុខសុវត្ថិភាពប្រជាពលរដ្ឋទូទៅក្នុងសកលលោក ក៏ដូចជាប្រជាជនកម្ពុជា ជាពិសេសជនរង គ្រោះដោយសារគ្រាប់មីន និងប្រជាជនដែលកំពុងរងការគំរាមកំហែងដោយសារសំណល់យុទ្ធភ័ណ្ឌសង្គ្រាម នៅកម្ពុជា។

សូមជម្រាបថា ចាប់ពីឆ្នាំ១៩៩៤ ដល់ខែមិថុនា ឆ្នាំ២០២៤នេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយលើវិស័យមីនមកកម្ពុជាមានទឹកប្រាក់មានចំនួនប្រមាណជាង២០០លានដុល្លាអាម៉េរិក ដោយផ្ដល់តាមរូបភាព៣សំខាន់គឺ ១៖ ការផ្ដល់ជំនួយជាថវិកាដោយផ្ទាល់មកអង្គភាព CMAC, ២៖ ការផ្ដល់តាមរយៈអង្គការក្រៅរដ្ឋាភិបាលជប៉ុន ជាដៃគូរបស់អង្គភាព CMAC និង៣, ការផ្ដល់ជាជំនួយសម្ភារៈបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេស៕

សូមទស្សនាវីដេអូសន្និសីទរួមគ្នារវាងលោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន និងលោក ហេង រតនា ទាំងស្រុងដូចខាងក្រោម៖