(សៀមរាប)៖ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញជាអធិបតីភាពក្នុង ពិធីបើកផ្តល់ថវិកាឧបត្ថម្ភគោលនយោបាយ និងថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ដល់មន្ដ្រីនគរបាលចូលនិវត្តន៍ និងគ្រួសារមន្ដ្រីនគរបាលមរណៈ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សរុបចំនួ ៣០នាក់។

ក្នុងនោះមន្ត្រីនគរបាលមរណៈ ចំនួន៤នាក់, សមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៤នាក់, ប្រពន្ធសមាជិកចំនួន១នាក់ ស្មើនឹងថវិកាសរុបចំនួន៣៦៥,៨១០,០០០រៀល។

ក្នុងឱកាសសំណេះសំណាលនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានសម្តែងនូវក្តីនឹករលឹក ហើយបានរំលឹកពីស្នាដៃមន្ត្រីនគរបាលចូលនិវត្តន៍ និងមន្ត្រីនគរបាលមរណៈ ដែលបានបំពេញភារកិច្ច បម្រេីជាតិមាតុភូមិ និងប្រជាពលរដ្ឋ កន្លងមក ព្រមទាំងបានបន្សល់នូវស្នាដៃជាច្រេីនដល់មន្ត្រីនគរបាលជំនាន់ក្រោយជាគំរូ។

លោកស្នងការ ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់ក្រុមគ្រួសារមរណភាព ក្នុងនាមជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា ចំពោះការបាត់បង់សមាជិកសមាគម និងសមាជិកក្រុមគ្រួសារផងដែរ៕