(ភ្នំពេញ)៖ បណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ ក្រសួងរ៉ែ និងថាមពល បានពន្យល់អំពីហេតុផល ដែលចាំបាច់តម្រូវឲ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល មកដាក់ពាក្យស្វ័យប្រកាស ដើម្បីគ្រប់គ្រងទិន្នន័យ នៃប្រភពអគ្គិសនី និងសុវត្ថិភាព។

ការពន្យល់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត ទី នរិន្ទ អញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មានបំភ្លឺជុំវិញ ការតម្រូវឲ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធ ថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយពុំមានការអនុញ្ញាត សូមមកដាក់ពាក្យស្វ័យប្រកាស ដែលរៀបចំដោយអាជ្ញាធរអគ្គិសនីកម្ពុជា នៅរសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។

លោកបណ្ឌិត ទី នរិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា «ការប្រមូលព័ត៌មានស្វ័យប្រកាស មានប្រយោជន៍យ៉ាងម៉េច ខ្ញុំចង់ជម្រាបថា មានប្រយោជន៍ពីរធំៗ ទីមួយ៖ គឺការគ្រប់គ្រងទិន្នន័យ នៃប្រភពអគ្គិសនី ដែលមាននៅក្នុងប្រទេសកម្ពុជា និងទី២៖ សុវត្ថិភាព ដើម្បីបង្ការគ្រោះថ្នាក់ ដល់អ្នកជួសជុល»

លោកបណ្ឌិត ទី នរិន្ទ បានលើកឡើងថា ក្រសួងរ៉ែ និងថាមពល គ្រប់គ្រងប្រព័ន្ធទិន្នន័យទាំងអស់ នៃប្រភពអគ្គិសនី ដែលមាននៅប្រទេសកម្ពុជា។ លោកថា ប្រភពអគ្គិសនីមានច្រើនណាស់ ហើយការការប្រមូលព័ត៌មានស្វ័យប្រកាសនេះ ជាផលប្រយោជន៍នៃព័ត៌មានប្រភពអគ្គិសនី។

បន្ថែមពីនោះទៀត លោកបណ្ឌិត ទី នរិន្ទ បានឲ្យដឹងថា នៅពេលដែលធ្វើស្វ័យប្រកាស យើងអាចដឹងថា តើទីតាំងណាខ្លះ ដែលមានដាក់ប្រភពអគ្គិសនី ចេញពីថាមពល ពន្លឺព្រះអាទិត្យលើដំបូល ហើយកន្លែងណាខ្លះ ដែលភ្ជាប់ជាមួយនឹងប្រព័ន្ធប្រើប្រាស់ របស់អ្នកប្រើប្រាស់។

លោកបណ្ឌិត ទី នរិន្ទ បានថ្លែងថា «ធម្មតាកាលណាយើងភ្ជាប់ នៅក្នុងផ្ទះយើង អ្នកខ្លះថាខ្ញុំភ្ជាប់នៅតែផ្ទះខ្ញុំតាស ម្ដេចក៏ចាំបាច់ធ្វើស្វ័យប្រកាស ប៉ុន្តែតាមពិតភ្លេចគិតថា កាលណាភ្ជាប់ជាមួយប្រព័ន្ធប្រើប្រាស់ក្នុងផ្ទះ គឺភ្ជាប់ជាមួយប្រព័ន្ធផ្គត់ផ្គង់ ហើយប្រព័ន្ធផ្គត់ផ្គង់នោះ ភ្ជាប់ជាមួយនឹងប្រព័ន្ធបណ្ដាញជាតិទូទាំងប្រទេស»

បើតាមលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា អ្នកដែលដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ដាច់ដោយឡែក (ដូចជាអំពូលភ្លើងសូឡា ឆ្នាំងដាំបាយជាដើម) ដែលមិនពាក់ព័ន្ធជាមួយនឹងបណ្តាញក្នុងផ្ទះ ជាប្រព័ន្ធបណ្ដាញអគ្គិសនីរបស់រដ្ឋ មិនតម្រូវឲ្យធ្វើស្វ័យប្រកាសនោះទេ។

លោកបញ្ជាក់ថា អ្នកដែលត្រូវធ្វើស្វ័យប្រកាស គឺជាអ្នកដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ហើយភ្ជាប់ជាមួយបណ្តាញក្នុងផ្ទះ ដែលភ្ជាប់បណ្តាញអគ្គិសនីរបស់រដ្ឋ៕