(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានរស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ បានសម្រុកទៅទទួលយកការផ្ដល់សេវាសាធារណៈផ្សេងៗ និងមានការតម្រង់ជាជួរតាមលេខរៀង សម្រាប់អ្នកមកមុន និងអ្នកមកក្រោយ ដោយទឹកមុខសប្បាយរីករាយចំពោះប្រសិទ្ធភាព គុណភាព និងតម្លាភាព ក្នុងការឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់ និងការគាំទ្រនូវឥរិយាបថរាក់ទាក់ស្វាគមន៍យ៉ាងទន់ភ្លន់ ពីមន្ត្រីពាក់ព័ន្ធ នៃការិយាល័យច្រកចេញ-ចូលតែមួយរដ្ឋបាលខណ្ឌ ក្រោមការយកចិត្តទុកដាក់ដឹកនាំពីប្រធានលោក ទី អ៉ីយូរ៉ាមុន្នី ពិសេសពីសំណាក់លោកអភិបាលខណ្ឌ ម៉ូវ ម៉ានិត។

ការបង្កើតឡើងនូវការិយាល័យច្រកចេញ-ចូលតែមួយថ្នាក់ក្រុង ស្រុក ខណ្ឌមានគោលបំណងសំខាន់ៗ ដូចខាងក្រោម៖

*លើកកម្ពស់គោលការណ៍អភិបាលកិច្ចល្អ ការកែទម្រង់ប្រព័ន្ធរដ្ឋបាលដោយពង្រីកវិសាលភាពសេវាកម្មដែលផ្តល់ដោយរដ្ឋបាលក្រុង ស្រុក ខណ្ឌឲ្យបានទូលំទូលាយតាមរយៈការប្រមូលផ្តុំសេវាកម្មទាំងអស់ ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ក្រុង ស្រុក ខណ្ឌ ដែលត្រូវផ្តល់ជូនអតិថិជននៅកន្លែងតែមួយ

*កែលម្អការផ្តល់សេវារដ្ឋបាល កាត់បន្ថយអំពើពុករលួយ និងបង្កើនការជឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធរដ្ឋបាល

*លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការផ្តល់មតិយោបល់ និងការរិះគន់ស្ថាបនាដើម្បីកែលម្អការអនុវត្តលើប្រព័ន្ធរដ្ឋបាល

*បង្ខិតរដ្ឋបាលឲ្យនៅកៀកជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព ឆ្លើយតបទាន់ពេលវេលា ទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

ការិយាល័យច្រកចេញ-ចូលតែមួយ គឺជាកន្លែងផ្តល់សេវារដ្ឋបាល ដែលប្រជាពលរដ្ឋត្រូវការចាំបាច់ឱ្យបានទាន់ពេលវេលា មានតម្លាភាព និងតាមនីតិវិធីសាមញ្ញ ជាកន្លែងប្រមូលផ្តុំសេវារដ្ឋបាល និងនីតិវិធីរដ្ឋបាលមួយចំនួននៅកន្លែងតែមួយ និងជាកន្លែងអតិថិជនមកទទួលទម្រង់បែបបទ និងទទួលព័ត៌មានគ្រប់គ្រាន់ច្បាស់លាស់ស្តីពីការផ្តល់សេវារដ្ឋបាលផ្សេងៗ និងការបង់ថ្លៃសេវា ឬអាករផ្សេងៗ ហើយក៏ជាកន្លែងផ្តល់លទ្ធផលសម្រេចជាផ្លូវការលើសេចក្តីស្នើសុំដល់ប្រជាពលរដ្ឋ៕