(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជារយៈពេលពីរថ្ងៃនេះ រដ្ឋមន្រ្តីកាបរទេសជប៉ុន លោកស្រី ខាមីខាវ៉ា យ៉ូកុ បានឆ្លៀតពេលវេលាក្នុងការមកឈ្វេងយល់ពីវិស័យទឹកស្អាតនៅកម្ពុជា និងបញ្ហាប្រឈម ដើម្បីឈានទៅដល់ការផ្តល់ជំនួយបន្ថែមលើវិស័យទឹកស្អាតនេះ។

ថ្លែងក្នុងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីកាបរទេសជប៉ុន នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នេះ លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានលើកឡើងថា លោកស្រី ខាមីខាវ៉ា យ៉ូកុ បានមកសិក្សាពីជំនួយឧបត្ថម្ភ ដែលរដ្ឋាភិបាលជប៉ុនផ្តល់ឱ្យវិស័យទឹកស្អាតនៅរាជធានីភ្នំពេញនាពេលកន្លងមក។ ទន្ទឹមគ្នានេះលោកស្រីថែមទាំងបានឈ្វេងយល់ ពីបញ្ហាប្រឈមរបស់រដ្ឋាទឹក ដែលរដ្ឋាបាលជប៉ុន អាចជួយអ្វីបន្តទៀតដល់វិស័យទឹកស្អាត ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកស្អាត និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោកស្រីបានលើកទឹកចិត្តដល់រដ្ឋាករទឹក ក្នុងពង្រឹង និងពង្រីកបន្ថែមទៀត ទៅលើការផ្គត់ផ្គង់ទឹកស្អាត ជូនដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដោយសំដៅធានានូវគុណភាព និងបរិមាណគ្រប់គ្រាន់។

លោកមានប្រសាសន៍ថា «ដៃគូរអភិវឌ្ឍន៍ដែលល្អបំផុតមកទល់បច្ចុប្បន្ននេះ នៅក្នុងវិស័យទឹកស្អាតនេះ គឺយើងមានជប៉ុន ដែលជួយតាំងពីឆ្នាំ១៩៩៣មកទល់បច្ចុប្បន្ននេះ។ ភាគីជប៉ុន គឺជាភាគីមួយដែលគិតគូរពីវិស័យទឹកស្អាតនៅរាជធានីភ្នំពេញ ជាពិសេសបានផ្តល់នូវជំនួយឥតសំណងទៅលើការសិក្សានូវគម្រោងមេរវាង១០ឆ្នាំម្តង ១០ឆ្នាំម្តង។ »នាទី០២.៥៤ ដល់នាទី ០៦.២

លោកបានឱ្យដឹងដែរថា តាមការប៉ាន់ស្មាន ជំនួយឧបត្ថម្ភរបស់ជប៉ុន ដែលបានផ្តល់មកលើគម្រោងផលិតទឹកស្អាតនានា នៅរាជធានីភ្នំពេញមានប្រមាណជាង ២០០លានដុល្លារ ខណៈចាប់ពីពេលបច្ចុប្បន្ននេះ រហូតដល់ឆ្នាំ២០៣០ លោករំពឹងថា ការជួយរបស់ជប៉ុនមកលើវិស័យទឹកស្អាតនឹងមានប្រមាណ ៦០០លានដុល្លារបន្ថែមទៀត។

សូមជម្រាបផងដែរថា លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្រ្តីការបរទេសជប៉ុន បានមកបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកស្រីបានអញ្ជើញចូលជួបសម្ដែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងមានជំនួបទ្វេរភាគីជាមួយ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា។

ដំណើរទស្សនកិច្ចនេះ នឹងរក្សាសន្ទុះនៃការផ្លាស់ប្ដូរកម្រិតខ្ពស់ជាញឹកញាប់ និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និង ជប៉ុន៕