(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ហិរញ្ញប្បទានប្រមាណ ៨.០០០ (ប្រាំបីពាន់) លានយ៉េន ស្មើនឹងប្រមាណជិត២លានដុល្លារ ដល់កម្ពុជា សម្រាប់ការពង្រីកបណ្តាញ អគ្គិសនីនៅរាជធានីភ្នំពេញ។

ការប្រកាសផ្តល់ជំនួយនេះ បានធ្វើឡើងអំឡុងទស្សនកិច្ចផ្លូវការរបស់ រដ្ឋមន្រ្តីការបរទេសជប៉ុន លោកស្រី ខាមីខាវ៉ា យ៉ូកុ(KAMIKAWA Yoko) មកកាន់ប្រទេសកម្ពុជា ពីថ្ងៃទី៥ដល់៦ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជា, លោករដ្ឋមន្ត្រីការបរទេសជប៉ុន បានបញ្ជាក់ពីការបន្តរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ហើយបានបន្ថែមថា រដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានប្រមាណ ៨.០០០ (ប្រាំបីពាន់) លានយ៉េន សម្រាប់ការពង្រីកបណ្តាញ អគ្គិសនីនៅរាជធានីភ្នំពេញផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល និង ប្រជាជនជប៉ុន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការកសាងសន្តិភាពនៅកម្ពុជា និង បានផ្តល់ជំនួយជាច្រើនសម្រាប់ការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាកន្លងមក។

ភាគីទាំងពីរក៏បានពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្នុង ក្របខ័ណ្ឌពហុភាគី ព្រមទាំងផ្លាស់ប្តូរទស្សនៈគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម៕