(ឧត្តរមានជ័យ)៖ លោកឧត្ដមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៤គ្រួសារ នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ។

លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ បានថ្លែងប្រាប់ប្រជាពលរដ្ឋពីកត្តាអាកាសធាតុនៅខេត្តឧត្តរមានជ័យ ផ្អែកតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧត្តុនិយម ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ គឺទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបសកម្ម ធ្វើឱ្យមានភ្លៀង ផ្គរ រន្ទះ កម្រិតពីតិចទៅច្រើន ដែលកត្តានេះសូមបងប្អូនប្រជាពលរដ្ឋយើងត្រូវមានការប្រុងប្រយ័ត្ន។

លោកឧត្តមសេនីយ៍ត្រី បានថ្លែងប្រាប់ប្រជាពលរដ្ឋថា ស្ថានភាពជំនន់ទឹកភ្លៀងបានកើតមានឡើងស្ទើរគ្រប់ទីកន្លែងក្នុងខេត្តឧត្តរមានជ័យរបស់យើង ក៏ដូចជាខេត្តក្រុងដ៏ទៀតទៀតនៅក្នុងប្រទេសកម្ពុជា ដែលកត្តានេះដោយសារ រយៈពេលប៉ុន្មានថ្ងៃនេះ គឺទឹកភ្លៀងបានធ្លាក់ជោគជាំជាប់់ៗគ្នាទាំងថ្ងៃទាំងយប់។ ដោយឡែក បងប្អូនប្រជាពលរដ្ឋយើងដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសត្វអសិរពិសផ្សេងៗ ពិសេសកូនចៅតូចៗ ក៏ដូចជាទ្រព្យសម្បត្តិសំខាន់ៗផងដែរ។

នៅក្នុងឱកាសនេះលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ ក៏បានចែកជូនប្រជាពលរដ្ឋទាំង៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករចំនួន៥០គីឡូ មី ចំនួន២កេស ត្រីខ ២យួរ ទឹកត្រី១យួរ និងថវិកា ១៨០,០០០រៀល និងបានឧបត្ថម្ភលោកស្រីមេឃុំ ផ្អាវនូវថវិកាចំនួន១៥០,០០០រៀល និងប្រជាការពារភូមិ៨នាក់ ក្នុងម្នាក់ ២០.០០០រៀលផងដែរ៕