(កែប)៖ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ដឹកនាំមន្ត្រីក្រោមឱវាទនៃក្រសួង អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តកែប នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរផែនការខេត្តកែប។

លោក គង់ សាវ៉ាត ប្រធានមន្ទីរផែនការខេត្តកែប បានលើកឡើងជម្រាបជូនអំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តការងារប្រចាំថ្ងៃ របស់មន្ទីរផែនការខេត្តកែប ជូនគណៈអធិបតី និងអង្គពិធី។

លោកប្រធានមន្ទីរ បន្តថា មន្ទីរផែនការខេត្ត មានបេសកកម្មទទួលបន្ទុកអនុវត្តការងាររបស់ក្រសួងផែនការ ដឹកនាំគ្រប់គ្រងលើវិស័យផែនការ ស្ថិតិ និងជាអង្គភាពចំណុះឲ្យរដ្ឋបាលខេត្ត និងមានតួនាទីភារកិច្ចអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់ក្រសួងផែនការ តាមជំនាញក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោក ប៊ិន ត្រឈៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តកែបទាំងអស់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងអាទិភាពគន្លឹះនៃយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី ក៏បានចែករំលែកនូវបទពិសោធន៍ និងវឌ្ឍនភាពការងាររបស់ក្រសួងផែនការ ដែលសម្រេចបាននាអំឡុងពេលជាង១១ខែកន្លងមកនេះ ព្រមទាំងបានផ្ដល់នូវទស្សនវិស័យ និងអនុសាសន៍តម្រង់ទិស លើកទឹកចិត្តដល់ការកសាងសមត្ថភាពមន្ត្រីជំនាញ នៃមន្ទីរផែនការ ដើម្បីបន្តសម្រេចបាននូវលទ្ធផលការងារនាពេលខាងមុខ អោយកាន់តែប្រសើរ៕