(បាងកក)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ទ្វេភាគីកម្ពុជា-ថៃ លើកទី៣ ចាប់ពីថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៤ រាជធានីបាងកក ព្រះរាជាណាចក្រថៃ តបតាមការអញ្ជើញរបស់លោក សឺមស័ក្តិ ពង្សពាណិជ្ជ (Sermsak Pongpanich) រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាថៃ។

លោករដ្ឋមន្ត្រី សុខ សូកេន និងគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជាបានចេញដំណើរពីប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ហើយពេលទៅដល់រាជធានីបាងកក លោក សុខ សូកេន ចូលរួមពិសាអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន Liu ដែលរៀបចំទទួលដោយក្រសួងទេសចរណ៍និងកីឡាថៃ ដែលជាកម្មវិធីអមនៃកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃ លើកទី៣ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងបាងកក។ ជំនួបអាហារថ្ងៃត្រង់ នេះត្រូវបានទទួលដោយលោក ពរភូមិ វិពត្តិភូមិប្រទេស (Phonphum Wiphatphumiprathet) អនុរដ្ឋមន្ត្រី និងលោកស្រី វ័យពិសុទ្ធ ចិន្តាសុផល (Penpisut Jintasophon) រដ្ឋលេខាធិការក្រសួងទេសចរណ៍និងកីឡាថៃ។

នាល្ងាច ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោករដ្ឋមន្ត្រី សុខ សូកេន បានចូលរួមកម្មវិធីទទួលអាហារពេលល្ងាច នៅភោជនីយដ្ឋាន Blue Elephant Restaurant ដោយរៀបចំទទួលដោយ លោក សឺមស័ក្តិ ពង្សពាណិជ្ជ (Sermsak Pongpanich) រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាថៃ។ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាថៃបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ក្នុងការដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ចូលរួមកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃលើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ នៅសណ្ឋាគារកងរាជមហានគរ (Conrad Bangkok) ទីក្រុងបាងកក ប្រទេសថៃ៕