(ព្រះវិហារ)៖ ក្រុមការងារវិទ្យុ​ នៃមន្ទីរព័ត៌មាន​ខេត្តចំនួន៣​ មាន​ខេត្តព្រះវិហារ​ ឧត្តរមានជ័យ​ និងខេត្តសៀមរាប​ ដឹកនាំដោយលោកស្រី​ ហែម​ សុគុណពិសី​ ប្រធានមន្ទីរព័ត៌មាន​ខេត្តព្រះវិហារ​ បានចូលរួមក្នុងកិច្ចប្រជុំវាយតម្លៃការអនុវត្តរបស់កម្មវិធីវិទ្យុមិត្តភាពតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ Twin Radio ជាមួយក្រុមការងារវិទ្យុជាតិខេត្តសុរិន្ទ​ និងខេត្តបុរីរ៉ាំ​ ប្រទេសថៃ ក្នុងគោលបំណងដេីម្បីពង្រឹងកិច្ចសហប្រតិបត្តការ និងវាយតម្លៃលទ្ធផលការងារ ដែលបានអនុវត្តកន្លងមក រវាងគ្នា និងគ្នា នៃប្រទេសទាំង២​ ជាពិសេសខេត្តនៅជាប់បន្ទាត់ព្រំដែន ដេីម្បីរកបញ្ហាប្រឈម និងដំណោះស្រាយ​។

កិច្ចប្រជុំនេះរៀបចំឡេីង​ នៅស្ថានីយ៍វិទ្យុជាតិខេត្តសុរិន្ទ​ នាព្រឹកថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ២០២៤​ ដែលមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ក្រុមការងារវិទ្យុជាតិខេត្តទាំងពីរ​ ដឹកនាំដោយ​លោក​ ឌូសិត សុីងគីរី ប្រធានទំនាក់ទំនងសាធារណៈតំបន់ភូមិភាគ២​ របស់ថៃ។

បន្ថែមពីនេះ​ ក្រុមការងារនឹងបន្ដចុះទស្សនកិច្ច​ ដកស្រង់បច្ចេកទេសការងារផលិតកម្មវិធី​វិទ្យុ​ ការផ្លាស់ប្តូរភាសារ និងសិក្សាឈ្វេងយល់ពីវប្បធម៌​ ប្រពៃណី​នៃប្រជាជនថៃ​ នៅឯខេត្តស៊ីសាកេត​ និងខេត្តឧប៊ុនរាជធានី​ផងដែរ​ ដែលមានរយៈពេលចំនួន​៣ថ្ងៃ​ ចាប់ពីថ្ងៃទី១៩​ ដល់ថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០២៤៕