(ពោធិ៍សាត់)៖ លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា និងអ្នកឧកញ៉ា គៀន ស្រីនាង បានប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់វត្ត​ចំនួន​១៧ ក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីព្រះសង្ឃប្រើប្រាស់ក្នុងពេលគង់​ចាំ​ព្រះ​វស្សារយៈពេល៣ខែ។

ការប្រគេទៀនព្រះវស្សា ជាប្រពៃណី និងជាទំនៀមទម្លាប់មួយរបស់​ប្រជា​​ពុទ្ធបរិស័ទខ្មែរ តែងតែធ្វើឡើងនៅមុនការចូលមកដល់នៃបុណ្យ​ចូល​ព្រះ​វស្សា។ បុណ្យចូលព្រះវស្សា​ឆ្នាំ​នេះ នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ១រោច ខែទុតិយាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ២០២៤។ បុណ្យចូលព្រះវស្សាដែលមានរយៈពេល​ប្រមាណ​ជា​៣ខែនេះ ជាពេលវេលាដែលព្រះសង្ឃពិបាកនិមន្ត​បិណ្ឌ​​បាត្រព្រោះជារដូវភ្លៀង។ អាស្រ័យហេតុនេះហើយ ទើបប្រជាពុទ្ធ​បរិ​ស័ទខ្មែរ តែងមានការរៀបចំពិធីប្រគេនទៀនព្រះវស្សាសម្រាប់អុជបំភ្លឺ​ក្នុងទីអារាម ព្រមទាំងមានការប្រគេននូវទេយ្យទានផ្សេងៗសម្រាប់ជា​ចង្ហាន់ព្រះសង្ឃក្នុងកំលុងរដូវវស្សា ដែលពិបាកនិមន្តបិណ្ឌបាត្រនេះ។

ជារៀងរាល់ឆ្នាំមុនការចូលមកដល់ថ្ងៃបុណ្យចូលព្រះវស្សា លោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយក​ក្រុមហ៊ុនទ្រីភាពគ្រុប និងអ្នកឧកញ៉ា គៀន ស្រីនាង តែង​បានរៀបចំប្រគេន​ទៀន​ព្រះវស្សា និងទេយ្យទានដល់ដល់ទីអារាមក្នុងស្រុកវាលវែង។

នៅឆ្នាំ២០២៤នេះ ក៏ដូចជាបណ្តាឆ្នាំកន្លងទៅផងដែរ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង បានចាត់ចែងរៀបចំទៀនព្រះវស្សា និងទេយ្យទានប្រគេនដល់វត្តចំនួន១៧ នៅក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ទៀនព្រះវស្សា និងទេយ្យទានកើតពីសទ្ធាដ៏ជ្រះថ្លារបស់លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នក​ឧកញ៉ា គៀន ស្រីនាង ត្រូវបានលោក ឃៀង សុជីវ័ន្ត សមាជិកក្រុមប្រឹក្សាខេត្ត​ពោធិ៍សាត់ និងសហការី យកទៅប្រគេនព្រះសង្ឃនាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

ថ្លែងទៅកាន់ព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការ លោកតា លោកយាយ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងឱកាសនោះ លោក ឃៀង សុជីវ័ន្ត បានលើកថា ជានិច្ចកាលលោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បេសកជនពិសេសសម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងអ្នកឧកញ៉ា គៀន ស្រីនាង តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងរដូវកាលចូលព្រះវស្សា គឺលោកទាំងពីរតែងតែរៀបចំទៀនព្រះវស្សា ទេយ្យទាន ព្រមទាំងបច្ច័យបួន ក៏ដូចជាបច្ច័យសម្រាប់ទ្រទ្រង់ចង្ហាន់ផ្សេងទៀតប្រគេនព្រះសង្ឃជារៀងរាល់ឆ្នាំ ដើម្បីចូលរួមគាំទ្រទំនៀមទម្លាប់ព្រះពុទ្ធសាសនា ក៏ដូចជាដើម្បីសម្រួលដល់ព្រះសង្ឃដែលត្រូវគង់ចាំព្រះវស្សារយៈពេលបីខែ។

លោក ឃៀង សុជីវ័ន្ត បានថ្លែងអំណរអរព្រះគុណដល់ព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការ លោកតា លោកយាយ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានជួយបន្តលើកកម្ពស់ព្រះពុទ្ធសាសនា និងរួមចំណែកជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រាលំបាកផ្សេងៗនៅក្នុងមូលដ្ឋានបានទាន់ពេលវេលា។

ក្នុងឱកាសនោះ លោក ឃៀង សុជីវ័ន្ត បានបួងសួងឧទ្ទិសកុសលផលបុណ្យជូនដល់ជីដូនជីតា និង បុព្វការីជនរបស់ លោកអ្នកឧកញ៉ា និង លោកជំទាវ អ្នកឧកញ៉ាដែលបានចែកឋានទៅកាន់បរលោក។

លោក ឃៀង សុជីវ័ន្ត ក៏បានគោរពជូនពរ លោកអ្នកឧកញ៉ា និងអ្នកឧកញ៉ា ព្រមទាំងបុត្រាបុត្រី ជួបប្រទះតែនឹងសំណាងល្អ សុខភាពល្អ និងទទួលបានជោគជ័យក្នុងមុខជំនួញ ក៏ដូចជាសម្រេចបានគ្រប់ភារកិច្ចដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំបានប្រគល់ជូន។

គួរបញ្ជាក់ផងដែរថា ទេយ្យទាន ដែលប្រគេនដល់ព្រះសង្ឃទាំង១៧វត្ត (១៣វត្ត ប្រារព្ធរួមគ្នា និង ៤វត្តផ្សេងទៀតប្រគេនតាមវត្តផ្ទាល់) រួមមាន បច្ច័យបួន បច្ច័យសម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃ អង្ករ មីកញ្ចប់ ទឹកដោះគោខាប់ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៉ីវ ប្រេងឆា ទឹកផ្លែឈើ ទឹកសុទ្ធ សាច់ជ្រូកផាត់ ប្រេងម៉ាស៊ូត និងសាដក សរុបទឹកប្រាក់ប្រមាណ៨០លានរៀល៕