(ភ្នំពេញ)៖ លោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូតុលាការកំពូល ប្រធានសាលាឧទ្ធរណ៍តំបន់ដែលមានសមត្ថកិច្ចដែនដីជាប់ព្រំដែន ប្រធានសាលាដំបូងខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម និងឡាវ ត្រឡប់មកកម្ពុជាវិញហើយ បន្ទាប់ពីបានចូលរួមក្នុងសន្និសីទតុលាការនៃបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម និងឡាវ លើកទី៧ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហួយអាន ខេត្តក្វាងណាម ប្រទេសវៀតណាម។

អង្គសន្និសីទនេះបានបង្ហាញអំពីសមិទ្ធផលនៃការអនុវត្តសេចក្តីប្រកាសរួមលើកទី៦ នៅទីក្រុងវៀងចន្ទន៍ ឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាព រួមមាន៖

១-ការបង្ការ ការបង្ក្រាប និងការជំនុំជម្រះក្តី លើបទល្មើសឆ្លងដែនបានជាច្រើន ដូចជាបទល្មើសគ្រឿងញៀន, ជួញដូរមនុស្ស, ព្រៃឈើ, ធនធានធម្មជាតិ និងបទល្មើសនេសាទ ដែលជាបទល្មើសបង្កឱ្យមានផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់​ធ្នាប់ របៀបរៀបរយនៅក្នុងសង្គម និងប៉ះពាល់ដល់សុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងទ្រព្យសម្បត្តិរបស់រដ្ឋ និងប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។

២-ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់កាន់​តែ​​មានលក្ខណៈល្អប្រសើរឡើង។

៣-ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ តាមរយៈការអនុវត្តបច្ចេកវិទ្យាព័ត៌មាននៅក្នុងកិច្ចការតុលាការ។ ការកែទម្រង់នេះ គឺស្របតាម “គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ២០២២-២០៣៥” ដើម្បីពង្រឹងសមត្ថភាព​បច្ចេកវិទ្យាព័ត៌មាន​ដែលជាឧត្តមប្រយោជន៍ ក្នុងការលើកកម្ពស់នូវប្រសិទ្ធភាពនៃការផ្តល់នូវសេវាយុត្តិធម៌ ប្រកបដោយភាព​ឆាប់រហ័ស ងាយស្រួល សុក្រឹត គុណភាព និងតម្លាភាព។​

ដោយយល់ឃើញពីភាពចាំបាច់ និងប្រសិទ្ធភាពក្នុងការអនុវត្តសេចក្តីប្រកាសរួមលើកទី ៦ អង្គសន្និសីទបានឯកភាពចុះហត្ថលេខាលើ សេចក្តីប្រកាសរួមលើកទី ៧ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ ជាបន្តទៀត ក្នុងគោលដៅធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាព និងសេចក្តីសុខសាន្ត របស់ប្រជាពលរដ្ឋតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសរៀងៗខ្លួន៕