(សៀមរាប)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុទៅកាន់វត្តឥន្ទ្របត្តបុរីហៅវត្តអង្គរតូចខាងត្បូង ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

លោកស្រី ឃួន ឃុនឌី បានថ្លែងថា ពិធីនេះអាចប្រព្រឹត្តទៅបានដោយសាតែប្រទេសជាតិមានសុខសន្តិភាពពេញលេញមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ការប្រគេនទៀនព្រះវស្សា ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

លោកស្រីបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាពដោយបរិភោគទឹកស្អាត សម្រាកក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះចៀសវាងការកើតមាននូវជំងឺផ្សេងៗ។ ម្យ៉ាងទៀតត្រូវផ្តល់ឱកាសឱ្យកូនបានសិក្សារៀនសូត្រ ដោយប្រែក្លាយខ្លួនទៅជាប្រជាពលរដ្ឋល្អមានជំនាញមួយពិតប្រាកដ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន។

លោកស្រីបានផ្ដាំផ្ញើ និងសំណូមពរដល់ប្រជាពលរដ្ឋសូមប្រើប្រាស់ស្បៀងឱ្យចំគោលដៅ ត្រូវអប់រំកូនឱ្យចៀសឆ្ងាយពីគ្រឿងញៀន ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវាត់ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍។

គួរបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សាប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ជាទម្លាប់ពិធីនេះត្រូវចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ ពុទ្ធបរិស័ទចំណុះជើងវត្តនាំគ្នាហែទៀនវស្សា សំពត់ សាដក និងសម្ភារប្រើប្រាស់ផ្សេងៗហែជុំវិញព្រះវិហារ។

បន្ទាប់មក មានការសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារប្រគេនដល់ព្រះសង្ឃ។ ក្នុងអំឡុងពេលចូលវស្សាមានរយៈពេល៣ខែ ប្រជាពលរដ្ឋដែលគោរពព្រះពុទ្ធសាសនាធ្វើចង្ហាន់ នំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗទៅប្រគេនជាបន្តបន្ទាប់ សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងអំឡុងពេលនេះផងដែរ៕