(ត្បូងឃ្មុំ)៖ កូនត្នោតចំនួន១០,០០០ដើម ត្រូវបានដឹកដល់ទីតាំងកាលពីថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់យុទ្ធនាការដាំត្នោតតាមមូលដ្ឋាននៃឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

កូនត្នោតទាំងនេះ ជាអំណោយដ៏ថ្លៃថ្លា និងក៏ជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត នៅលើមូលដ្ឋាននៃខេត្តត្បូងឃ្មុំ របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានរៀបចំកសាងសម្រាប់បុព្វហេតុបរិស្ថាន សម្បត្តិវប្បធម៌ និងធម្មជាតិ នៃមាតុភូមិកម្ពុជា ជូនកូនចៅជំនាន់ក្រោយ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ការរៀបចំដាំកូនត្នោត សម្រាប់ទុកជាប្រយោជន៍ក្នុងសហគមន៍ បង្កើនជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និងបង្កើនទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យដាំដើមរុក្ខរបស់ជាតិ គឺដើមត្នោតនេះ និងដើមឈើនានាឱ្យបានច្រើនដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនិងបរិស្ថាន។

សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ាង សុផល្លែត នឹងអញ្ជើញចូលរួមជាធិបតីក្នុងពិធីដាំកូនត្នោតចំនួន១០,០០០ដើម ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន រដ្ឋបាលខេត្តត្បូងឃ្មុំ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋ និងដៃគូពាក់ព័ន្ធ នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

កន្លងមក ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងនោះយុទ្ធសាស្ត្រទី២ «ភាពបៃតង» ផ្តោតលើអាទិភាពចំនួន៣គឺ ជំរុញការដាំដុះកូនឈើ ដើម្បីបង្កើនគម្របបៃតង ក្នុងនោះមានយុទ្ធនាការ«ពន្លកបៃតង» ចែកជូនកូនឈើជូនប្រជាពលរដ្ឋយកទៅដាំ យ៉ាងតិច១លានដើមក្នុង១ឆ្នាំ ជំរុញលើការការពារ និងអភិរក្សជីវចម្រុះការអនុវត្តច្បាប់១០០% ចំពោះបទល្មើសធនធានធម្មជាតិ ព្រមទាំងកិច្ចសហការនានាជាមួយអ្នកពាក់ព័ន្ធ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាឱ្យដាំដើមឈើឱ្យបានច្រើន ចូលរួមអភិរក្សជីវៈចម្រុះ និងបានបង្កើនជីវភាពតាមរយៈទេសចរណ៍ លំហែបៃតងនៅតាមតំបន់ការពារធម្មជាតិ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រគល់កូនត្នោតចំនួន៣០ម៉ឺនដើម ដល់យុទ្ធនាការ «ពន្លកបៃតង» នៅឆ្នាំ២០២៤ នេះ ដែលបានចែកជូនកូនឈើសរុប ១លាន ៣សែនដើម រួចមកហើយ ដល់ប្រជាពលរដ្ឋទៅដាំដោយឥតគិតថ្លៃ នៅតាមមូលដ្ឋាន វត្តអារាម សាលារៀន ទីសាធារណៈនិងដាំស្តារព្រៃនៅតាមសហគមន៍នានា ដើម្បីបង្កើនគម្របបៃតង ឆ្ពោះទៅសម្រេចទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញបង្កើនគម្របព្រៃ៦០% នៅឆ្នាំ២០៥០។

បច្ចុប្បន្ន លោកបណ្ឌិត អ៊ាង សុផល្លែត មានថ្នាលបណ្តុះកូនត្នោត ដែលគ្រោងបណ្តុះកូនត្នោតបន្ថែមទៀត ឱ្យបានច្រើនលានគ្រាប់ នៅឆ្នាំបន្តបន្ទាប់ សម្រាប់ដាំដុះនៅពេលខាងមុខ។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏បានកំពុងជំរុញឱ្យមន្ទីរបរិស្ថានរាជធានី ខេត្តទាំងអស់ ប្រមូលគ្រាប់ត្នោត ដើម្បីបណ្តុះ ជាមួយកូនឈើនានាផ្សេងទៀត ដើម្បីទុកចែកជូនប្រជាពលរដ្ឋដាំ នៅក្នុងឆ្នាំបន្តបន្ទាប់ផងដែរ។

ដើមត្នោតត្រូវបានចាត់បញ្ចូល ជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យ លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកំណត់ប្រភេទសត្វ និងរុក្ខជាតិសម្រាប់និមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា។ ការដាំនេះគឺដាំក្នុងចន្លោះពីដើមមួយទៅដើមមួយមានចម្ងាយ ៤ ម៉ែត្រ ដើម្បីឱ្យដើមត្នោតលូតលាស់ធំធាត់បានលឿន៕