(ពោធិ៍សាត់)៖ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលស្រុកក្រគរ និងស្រុកកណ្តៀង នាថ្ងៃទី១៩-២០ ខែកក្កដា ឆ្នាំ២០២៤ បានប្រគេនទៀនចំណាំព្រះវស្សា ដល់វត្តចំនួន១១ ក្នុងឃុំមួយចំនួន នៃស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកបណ្ឌិត ប្រាំង ជលសា បានមានប្រសាសន៍ថា បុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យដែលព្រះសង្ឃចូលគង់ចាំព្រះវស្សា អស់កាលត្រីមាស រយៈពេល៣ខែនារដូវវស្សា ហើយតាមព្រះវិន័យធម៌ គឺមិនអនុញាត្តឱ្យព្រះសង្ឃនិមន្តចេញបិណ្ឌបាតនារដូវវស្សានេះបានទេ ដូចនេះក្នុងនាមជាប្រជាពុទ្ធបរិស័ទ អ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូប មានតួនាទីជួយទំនុកបំរុងដល់ព្រះសង្ឃ ចង្ហាន់ ដែលមាន ម្ហូបអាហារ បង្អែម និងគ្រឿងប្រើប្រាស់ផ្សេងៗ ប្រគេនដល់ព្រះសង្ឃ ក្នុងអំឡុងរយៈពេល៣ខែនេះ។

លោកបណ្ឌិត បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានណែនាំដល់ក្រុមការងារ ឱ្យរៀបចំកម្មវិធីបុណ្យធំៗចំនួន៤ រួមមានពិធីបុណ្យចាស់ទុំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយជាតិខ្មែរ, បុណ្យចូលព្រះវស្សា, បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន។

លោកបណ្ឌិត បានរម្លឹកផងដែរថា ព្រះពុទ្ធសាសនាត្រូវបានបំផ្លាញទាំងស្រុងនារបបដ៏ខ្មៅងងឹត ប៉ុលពត ប៉ុន្តែនៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ កម្ពុជាបានទទួលសេរីភាពឡើងវិញ និងមានបោះជំហានប្រែក្លាយពីប្រទេសដែលខ្ទេចខ្ទាំដោយសង្រ្គាម រហូតមានការអភិវឌ្ឍន៍លើកគ្រប់វិស័យ ក្រោមការយកចិត្តទុកដាក់ របស់ប្រមុខរដ្ឋាភិបាល ដែលដឹកនាំដោយបិតាស្ថាបនិកនយោបាយ ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃកម្ពុជា បាននាំយកនូវសន្តិភាពជូនប្រទេសកម្ពុជា និងបានបន្តដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងយកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

លោកបណ្ឌិត ប្រាំង ជលសា បានបញ្ជាក់ថា ដើម្បីប្រែក្លាយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្រោមការគិតគូរប្រកបដោយគិតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសឆ្នើមរបស់កម្ពុជា បានផ្តួចផ្តើមគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹក ដែលនិងជម្រុញកំណើតសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើន។ គម្រោងព្រែកជីកហ្វូណនតេជោនេះ គ្រោងនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ ដូច្នេះលោកបណ្ឌិត សូមអំពាវនាវដល់រដ្ឋបាលស្រុក ឃុំ បណ្តាវត្តអារាម វិហារសាសនា ឮផ្សេងៗ ត្រៀមរៀបចំការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ ឱ្យបានព្រមៗគ្នា។

គួរជម្រាបជូនថា វត្តចំនួន១១ ក្នុងឃុំមួយចំនួន នៃស្រុកក្រគរ ដែលត្រូវប្រគេនទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យ រួមមាន៖
១៖ វត្តកោះកណ្តាល ឃុំស្វាយស
២៖ វត្តឈើតុំ ឃុំឈើតុំ
៣៖ វត្តយ៉ោក
៤៖ វត្តទឹកចេញ
៥៖ វត្តទួលត្បែង
៦៖ វត្តផ្ទះចេក
៧៖ វត្តបំណក់
៨៖ វត្តក្បាលទាហាន
៩៖ វត្តស្លាកែត ឃុំបឹងកន្ទួត
១០៖ វត្តសុវណ្ណមូលី
១១៖ វត្តតាកែវក្រោម។

ដោយឡែកវត្តអារាមតាមបណ្តាឃុំមួយចំនួនទៀត នៃស្រុកក្រគរ និងស្រុកកណ្តៀង ក្រុមការងារចុះជួយឃុំ ស្រុក នឹងបន្តប្រគេន ឱ្យបានគ្រប់ផងដែរ៕