(ព្រះសីហនុ)៖ លោក ម៉ាង ស៉ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានជួបសំណេះសំណាល និងនាំអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា ស្រ្ដីមេម៉ាយ ស្ដ្រីមានផ្ទៃពោះ ជនពិការ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២៤៥គ្រួសារ។

ពិធីនេះធ្វើឡើងនារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីសមាជិកសមាជិកាគណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា លោក លោកស្រីសប្បុរសជន ជាច្រើនរូប។

មានប្រសាសន៍ក្នុងកម្មពិធី លោក ម៉ាង សុីណេត បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរទាំងអស់ដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

លោកបន្តទៀតថា បងប្អូនដែលមានផ្ទៃពោះសូមទៅពិនិត្យផ្ទៃពោះតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីអោយកូនបងប្អូននៅពេលសម្រាលមកមានសុខភាពល្អ ខួរក្បាលឆ្លាតវៃរៀនពូកែទៅថ្ងៃមុខនឹងជួយសម្រួលជីវភាពបងប្អូនធូរស្បើយជាមួយគ្នសនេះ ប្រធានសាខាបានថ្លែងអរគុណដល់ក្រុមការងារកាកបាទក្រហមខេត្ត ស្រុក ឃុំ សង្កាត់ តែងតែចុះបំពេញការងារ មិនគិតអំពី យប់ ថ្ងៃ ឬភ្លៀងអ្វីឡើយ។

ឆ្លៀតក្នុងឱកាសនោះ មន្ត្រីសាខាក៏បានផ្សព្វផ្សាយ ជំងឺគ្រុនឈាម គ្រុនឈិក និងជំងឺអុតស្វា និងវិធីសាស្រ្តដើម្បីអោយសហគមន៍មានសុខភាពល្អ ហើយវិជ្ជាសង្រោះបឋម ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបានយល់ដឹង និងវិធានការពារ សូមបងប្អូនថែសុខភាពអោយល្អប្រសើរ រស់នៅដោយប្រកាន់យកនូវអនាម័យល្អ ។

លោក ម៉ាង ស៊ីណេត បានថ្លែងអំណរគុណដល់សប្បុរសទាំងអស់តែងតែឧបត្ថម្ភដល់សាខាជាថវិកាក៏ដូចជាសម្ភារៈនានា ដើម្បីសាខាបន្តសកម្មភាពមនុស្សធម៌បន្តទៀត។

សម្ភារៈផ្ដល់ជូននាពេលនេះក្នុងមួយគ្រួសារទទួលបាន អង្ករ ១បាវ ស្មើនឹង ២៥គីឡូក្រាម ត្រីខ ១យួរ កន្ទេល១ ទឹកត្រី ១យួរ មី ១កេស ឃីត១(មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ៥ម៉ឺនរៀល៕