(កំពត)៖ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត និងជាភរិយាអភិបាលខេត្តកំពត នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំសហការី នាំយកទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទានប្រគេនព្រះសង្ឃ គណ:កម្មការវត្ត ចំនួនពីរ ក្នុងស្រុកកំពង់ត្រាច រួមមាន វត្តកំពូលមាស និងវត្តកោះគ្រឹះស្នា ស្ថិតក្នុងឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

ក្នុងពិធីនេះ លោកស្រីប្រធានកិត្តិយសសមាគម បានលើកឡើងថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីមួយ ដែលមិនអាចរំលងបានក្នុងព្រះពុទ្ធសាសនា ដែលបងប្អូនប្រជាពលរដ្ឋជាពុទ្ធបរិស័ទ និងជាអ្នកមានជំនឿលើព្រះពុទ្ធសាសនាតែងនាំគ្នាប្រារព្ធពិធីបុណ្យនេះឡើង ដោយនាំយកសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ប្រគេនព្រះសង្ឃតាមលទ្ធភាព។ ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារ ការប្រគេនទៀនចំណាំវស្សាដល់ព្រះសង្ឃ ក៏ជាកិច្ចចាំបាច់មួយសម្រាប់ពលរដ្ឋខ្មែរដែលកាន់ព្រះពទ្ធសាសនា ព្រោះពន្លឺទៀន នឹងជួយបំភ្លឺអនាគតជាតិឱ្យស្រស់បំព្រង និងមានសេចក្តីសុខចម្រើន ដោយអំពើល្អ សេចក្តីល្អតាមរយ:ការរក្សាភ្លើងទៀន ឱ្យឆេះជាប់រហូតគ្រប់ រយៈពេលបីខែ ម្យ៉ាងទៀត នេះជាការជួយដល់វត្តអារាម ដើម្បីបានដុតបំភ្លឺនៅពេលយប់។

លោកស្រីប្រធានកិត្តិយសសមាគម បានបន្តថា ក្នុងអំឡុងនៃពិធីបុណ្យចូលព្រះវស្សានេះ គឺជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេត្រូវបង្កើនការរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទផងដែរ ដូច្នេះតាមបណ្តាវត្តអារាមនានា គឺត្រូវការជាចាំបាច់នូវគ្រឿងឧបភោគ បរិភោគ ដើម្បីផ្គត់ផ្គង់ដល់ព្រះសង្ឃជាចាំបាច់។

ទេយ្យទានដែលនាំយកទៅប្រគេនព្រះសង្ឃក្នុងវត្តនីមួយៗ រួមមាន៖ 
ទៀនចំណាំព្រះវស្សា ១គូ, អង្ករ ២បាវ, ត្រីខ ៥យួរ, ស្ករស ៥គីឡូក្រាម, ទឹកស៊ីអ៊ីវ ៥យួរ, ប្រេងឆា ២ដបធំ, តែ ៥កញ្ចប់, ធូប ៥ដុំ, ប៊ីចេង ៥គីឡូក្រាម, មី ៥កេស, កាហ្វេ ២កញ្ចប់ធំ, ទឹកត្រី ៥យួរ, ត្រីងៀត ៥គីឡូក្រាម, ទឹកក្រូច និងទឹកផ្លែឈើ ៥កេស, សៀង ១០គីឡូក្រាម, ខ្ទឹមស ៥គីឡូក្រាម, សាប៊ូម្សៅ ៥កញ្ចប់, ផ្កាឈូក ៧ទង, ទឹកបរិសុទ្ធ ៥កេស និងបច្ច័យចំនួន ៥០ម៉ឺនរៀលផងដែរ៕