(កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកសន្ទុក នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ ព្រមទាំងបច្ច័យដែលជាទឹកចិត្តប្រកបដោយសុទ្ធាជ្រះថ្លា របស់លោកបណ្ឌិត ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា ទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាដល់វត្តចំនួន ៦៦វត្ត ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

សូមជម្រាបថា ពិធីចូលព្រះវស្សានេះត្រូវបានប្រជាជនកម្ពុជា គោរពប្រតិបត្តិធ្វើជារៀងរាល់ឆ្នាំ តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ហើយសម្រាប់ឆ្នាំ២០២៤ ពិធីចូលព្រះវស្សាគឺប្រព្រឹត្តិទៅត្រូវថ្ងៃអាទិត្យ១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។
  
លោកស្រីបណ្ឌិត ជា សិរី បានជម្រាបពីការផ្ដាំផ្ញើរ សាកសួសុខទុក្ខពីសំណាក់លោក ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងលោកស្រី ខៀវ ស៊ីណា ប្រគេនដល់ព្រះសង្ឃគ្រប់ៗព្រះអង្គក៏ដូច លោកយាយលោកតាចាស់ព្រឹទ្ធាចារ្យ តាមអារាមទាំងអស់ទូទាំងស្រុកដោយក្ដីគោរព និងនឹករលឹកបំផុត។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា មិនថាបុណ្យទានជាប្រពៃណីជាតិ និងការងារមនុស្សធ៌ម រួមទាំងការកសាងរាល់សមិទ្ធផលនានា ក្នុងស្រុកសន្ទុកកន្លងមកនេះ លោកទាំង២បានខិតខំកសាង បានច្រើនសន្ធឹកសន្ធាប់ទាំង ក្នុងវិស័យពុទ្ធចក្រនិងអាណាចក្រ។

លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា តាមរយៈណ្យកុសល កើតចេញនាពេលនេះសូមឧទ្ទិសជូនដល់ជីដូន ជីតាមាតា បិតា និងញ្ញាត្តិតិការទាំង៧សណ្ដានបានចែកឋាន មួយចំណែកទៀត ឧទ្ទិសជូនចំពោះដល់ឌួងវិញ្ញាណនៃវិរៈយុទ្ធជន យុទ្ធនារី ស្នេហាជាតិគ្រប់ៗជំនាន់  ដែលបានបូជាអាយុ ជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និង ប្រជាជានកម្ពុជា ដែលស្លាប់បាត់បង់ជីវិតក្នុងបរបប្រល័យពូជសាសន៍ ប៉ុល ពត នោះផងដែរ ។

ទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យសរុបប្រមាណជាង១០០លានរៀល ត្រូវបានវេប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាសសម្រាប់វត្តទាំង៦៦ក្នុងស្រុកសន្ទុក ក្នុងវត្តនីមួយៗរួមមាន ទៀនព្រះវស្សា១គូរ,អង្ករ,មីត្រីខ,ទឹកដោះគោ, ទឹកសុទ្ធ, ទឹកក្រូច,ទឹកត្រី, ទឹកស៊ីអ៊ីវ,អំបិល, ប៊ីចេង ,តែ, កាហ្វេ និង បច្ច័យមួយចំនួនផងដែរ៕