(ភ្នំពេញ)៖ ការដាំដើមឈើបន្ថែមពីលើឈើធម្មជាតិដើម្បីបង្កើនភាពបៃតងក្នុងសហគមន៍ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនិងបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិ និងធ្វើឱ្យសម្បូណ៌បែបឡើងវិញនូវជីវៈចម្រុះ។

នេះជាការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នេះក្នុងពិធីដាំកូនឈើនៅសាលាបឋមសិក្សានិងអនុវិទ្យាល័យកសាង ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។

ពិធីដាំកូនឈើនេះធ្វើឡើងដើម្បីចូលរួមអបអរសាទររុក្ខទិវា ៩ កក្កដា ដោយមានការអញ្ជើញចូលរួមពីលោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោកជំទាវ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន មន្ត្រីអប់រំក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាធនធានធម្មជាតិពិតជាសំខាន់ណាស់ចំពោះមនុស្សជាតិ ព្រោះធម្មជាតិបានផ្តល់នូវអ្វីៗទាំងអស់ដើម្បីមនុស្សអាចរស់រានមានជីវិតបាន។ ភាគច្រើននៃម្ហូបអាហារដែល មនុស្សបរិភោគគឺបានមកពីធម្មជាតិ។ លោកបានថ្លែងថាការដាំដើមឈើនៅក្នុងសហគមន៍នៅពេលនេះ ជាចំណែកមួយនៃការចូលរួមធ្វើឱ្យសហគមន៍មានភាពបៃតង។ «សូមថែរក្សាឈើដែលយើងបានដាំដើម្បីឱ្យវារីកលូតលាស់ធំធាតុ និងសូមបងប្អូនចូលរួមការពារនិងអភិរក្សព្រៃឈើធម្មជាតិនៅក្នុងតំបន់អភិរក្សឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត»។ នេះជាការថ្លែងរបស់លោក នេត្រ ភក្ត្រា នៅចំពោះមុខសហគមន៍ សិស្សានុសិស្ស និងមន្ត្រីរាជការនៃខេត្តក្រចេះជាមួយការជំរុញ និងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធខិតបន្តចូលរួមចលនាដាំដើមឈើក្នុងតំបន់សហគមន៍បន្ថែមលើឈើធម្មជាតិដែលមាននៅក្នុងព្រៃ។

លោករដ្ឋមន្ត្រីបានជម្រាបជូនអ្នកចូលរួមពីសារៈប្រយោជន៍នៃប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះនិងភាពចាំបាច់ដែលមនុស្សជាតិត្រូវខិតខំប្រឹងប្រែងក្នុងការដាំស្តារដើមឈើឡើងវិញ និងអភិរក្សព្រៃឈើដែលមានក្នុងធម្មជាតិស្រាប់ដើម្បីបង្កើតភាពបៃតង បង្កើនគម្របព្រៃឈើ និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុក្នុងសហគមន៍ និងបន្សល់កេរតំណែលធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងបញ្ជាក់ថា ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ក្នុងការដាំដើមឈើ មិនត្រឹមតែបង្កើភាពបៃតង បង្កើនគម្របព្រៃឈើ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែដើមឈើដែលបានដាំនៅពេលនេះ នឹងក្លាយជាព្រៃឈើនិងកេរដំណែលធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ ហើយក៏ជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរនាអនាគតផងដែរ។

ការចូលរួមថែរក្សា ការពារព្រៃឈើ និងដាំកូនឈើ នៅគ្រប់ទីកន្លែងដើម្បីបានជាប្រយោជន៍ដល់ការរស់នៅរបស់មនុស្ស សត្វ និងប្រព័ន្ធជីវៈចម្រុះ ការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ឱ្យបានគង់វង្សជាសម្បត្តិរបស់មនុស្សជាតិ។ លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សទាំងអស់ បន្តចូលរួមដាំដើមឈើ ថែរក្សាបរិស្ថាន ថែរក្សាព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិអោយបានល្អដើម្បីផលប្រយោជន៍រួម។ «ការដាំដេីមឈេីមួយដេីម គឺស្មេីនឹងការបណ្តុះកោសិកាសួតមួយ នៃភពផែនដី»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី។

ក្នុងឱកាសពិធីដាំកូនឈើនេះដែរ លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្តល់ថវិកាចំនួន ១លានរៀលដល់សាលារៀនកសាងដើម្បីទ្រទ្រង់តម្រូវការសាលារៀន។ ចំណែកលោកអភិបាលខេត្ត វ៉ា ថន និងលោកស្រី ជូនថវិកាដល់លោកគ្រូ អ្នកគ្រូចំនួន ២៦ នាក់ ក្នុងម្នាក់ ២មុឺនរៀល សិស្សានុសិស្សចូលរួមដាំកូនឈើចំនួន ១០០ នាក់ក្នុងម្នាក់ ១ មុឺនរៀល៕