(រតនគិរី)៖ លោកវេជ្ជបណ្ឌិត អេង គុណវុឌ្ឍ ប្រធានការិយាល័យជំងឺឆ្លង និងចាក់ថ្នាំបង្ការនៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះថា ប្រជាពលរដ្ឋនៅភូមិប៉ក់ប៉ូ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីចំនួន ១៧នាក់ ត្រូវបានដឹកមកសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ បន្ទាប់ពីពួកគាត់ដកផ្សិតម្យ៉ាង មកធ្វើម្ហូបទទួលទាន។

លោកវេជ្ជបណ្ឌិតបន្តថា ក្នុងចំណោមអ្នកជំងឺសរុប ១៧នាក់ (មានស្រី៤នាក់ ក្មេង១នាក់) បានចូលមកមន្ទីរពេទ្យជាបន្តបន្ទាប់ចាប់ពីម៉ោង០១ ទៀបភ្លឺ ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤ ដោយអាការរាគ ក្អួត ចុកពោះខ្លាំង។ ក្នុងចំណោមអ្នកទាំង ១៧នេះ មានក្មេងម្នាក់បានរាគក្អួតខ្លាំង ខាងមន្ទីរពេទ្យបង្អែកស្រុកបរកែវ បានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកអ្នកទាំង១៦ ដែលនៅសល់ ក្រោយបានទទួលការព្យាបាល ពួកគាត់មានអាការៈធូរស្រាលហើយ កំពុងពិនិត្យព្យាបាលបន្ត នៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តរតនគិរី សូមមេត្តាប្រុងប្រយ័ត្នកុំបរិភោគផ្សិត ដែលស្គាល់មិនច្បាស់ ពីព្រោះអាចបណ្តាលឱ្យពុល ជាពិសេសផ្សិតដូចក្នុងរូបភាពបង្ហាញជូននេះ៕