(កោះកុង)៖ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធស្រះចិញ្ចឹម និងបង្កាត់ពូជអណ្ដើកហ្លួង នៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង របស់អង្គការ WCS។

ពិធីនេះ ក៏មានការចូលរួមផងដែរ ពីសំណាក់មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋានក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ប្រជាសហគមន៍មូលដ្ឋាន និងតំណាងនៃ Mandai Nature ដែលជាម្ចាស់ជំនួយគាំទ្រការងារអភិរក្សសត្វល្មូនដែលរួមមានអណ្តើកហ្លួងនិងក្រពើត្រីនៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង និងនៅតាមប្រព័ន្ធព្រែកស្រែអំបិល។

មជ្ឈមណ្ឌលអភិរក្សសត្វល្មូន មានទីតាំងនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង គឺជាទីកន្លែងមានសុវត្ថិភាពសម្រាប់ការអភិរក្សសត្វអណ្តើកហ្លួង និងក្រពើត្រី តាមរយៈការចិញ្ចឹមមើលថែ បង្កាត់ពូជ និងភ្ញាស់ពងកូនអណ្តើកហ្លួងនិងក្រពើត្រី រហូតដល់ពួកវាធំធាត់អាចលែងចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិលដែលជាទីជម្រកធម្មជាតិរបស់ពួកវា។

នាឱកាសនេះ រដ្ឋមន្ដ្រីក្រសួងកសិកម្ម និងគណៈអធិបតី បានចូលរួមលែងអណ្តើកហ្លួងចំនួន ២០ក្បាល ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល ក្នុងនោះអណ្តើកហ្លួងចំនួន ១២ក្បាល មានបំពាក់ឧបករណ៍បញ្ជូនសំឡេងដើម្បីតាមដានចលនាអត្រារស់រាន និងការប្រើប្រាស់ទីជម្រករបស់អណ្តើកហ្លួងទាំងនោះ។ ការអង្កេតតាមដានសត្វអណ្តើកហ្លួងទាំងនេះបន្ទាប់ពីពួកវាត្រូវបានលែងចូលទីជម្រកធម្មជាតិ ពិតជាមានសារសំខាន់ណាស់ក្នុងការការពារនិងស្តារចំនួនសត្វអណ្តើកហ្លួងឱ្យកើនឡើងវិញក្នុងទីជម្រកធម្មជាតិ។

អណ្តើកហ្លួង ត្រូវបានប្រកាសថាជាសត្វល្មូនតំណាងជាតិរបស់កម្ពុជាក្នុងឆ្នាំ២០០៥។ អណ្តើកហ្លួងត្រូវបានប្រទះឃើញមានវត្តមានតែនៅក្នុងប្រទេសកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីតែប៉ុណ្ណោះ។ ចំនួនសរុបនៃសត្វនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួនប្រហែល ១០០ក្បាលប៉ុណ្ណោះ នៅក្នុងប្រទេសកម្ពុជា។

រាល់សត្វអណ្តើកហ្លួងដែលត្រូវបានប្រលែងទៅក្នុងជម្រកធម្មជាតិវិញ ជួយទ្រទ្រង់ដល់ជលផលនៅក្នុងប្រព័ន្ធព្រែកស្រែអំបិល រក្សាជីវៈចម្រុះ និងធានាថាសត្វល្មូនតំណាងជាតិរបស់កម្ពុជា អាចមានចំនួនកើនឡើងនៅក្នុងទីជម្រកធម្មជាតិរបស់វា៕