(កំពង់ធំ)៖ បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំរបស់គណបក្សភ្លើងទៀន និងអតីតបក្សសង្គ្រោះជាតិ នៅឃុំសូយោង និងឃុំពង្រ នៅស្រុកតាំងគោក សរុបចំនួន១៦រូប (ស្រី១០រូប) នសម្រេចចិត្តលាលែងពីគណបក្សរបស់ខ្លួនដែលមិនគិតប្រយោជន៍ជាតិ ហើយក៏សម្រេចចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា រួមចំណែកកសាងសមិទ្ធផលជាប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជន។

ពិធីបញ្ចូលសមាជិកគណបក្សទាំង១៦រូបនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅក្រោមវត្តមានលោក ហាក់ ម៉ុងហួត សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។

សមាជិកគណបក្សថ្មីទាំង១៦រូបនេះ គឺជាអតីតបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៤ ឆ្នាំ២០១៧ របស់អតីតគណបក្សសង្គ្រោះជាតិ នៅឃុំសូយោង សរុបចំនួន៥រូប (ស្រី៤រូប) និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណបក្សភ្លើងទៀន នៅឃុំសូយោង និងឃុំពង្រសរុបចំនួន១១រូបទៀត (ស្រី៦រូប)។

លោក ហាក់ ម៉ុងហួត បានសម្ដែងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិកថ្មីទាំង១៦រូបនេះ និងលើកទឹកចិត្តដល់សមាជិកទាំងចាស់-ថ្មីឱ្យខិតខំចូលថែរក្សាសន្តិភាព អនុវត្តតាមការណែនាំរបស់គណបក្ស ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកប្រធានគណបក្សស្រុកបានបន្តថា គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយច្បាស់លាស់ ជាគណបក្សដែលរឹងមាំទាំងផ្នែកនយោបាយ សតិអារម្មណ៍ និងអង្គការចាត់តាំង បម្រើផលប្រយោជន៍ជូនប្រជាជន ពិសេសធ្វើកិច្ចការផ្សេងៗក៏ដើម្បីខិតខំថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

សូមជម្រាបថា គិតមកដល់ពេលនេះ គណបក្សផ្សេងៗចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាចំនួន២៣រូបហើយ (ស្រី១១រូប) ក្នុងនោះចុះចូលតាមរយៈគណបក្សស្រុកតាំងគោកចំនួន១៦រូប (ស្រី១០រូប) តាមរយៈក្រុមការងារពិសេសចំនួន៧រូប (ស្រី១រូប)។ ចរន្តនៃការផ្ដាច់ខ្លួនពីគណបក្សប្រឆាំង និងគណបក្សផ្សេងៗនៅតែបន្តមាននៅទូទាំងប្រទេស ខណៈពួកគាត់សុទ្ធតែបានមើលឃើញពីការខិតខំ ដើម្បីប្រយោជន៍ជាតិពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងចូលរួមជាមួយគណបក្សប្រជាជន ដើម្បីរួមចំណែកកសាងនិងថែរក្សាសមិទ្ធផលនានាជូនជាតិបន្តទៅទៀត៕