(កំពង់ឆ្នាំង)៖ លោកស្រីសទ្ធាភិរ័ក្ខសិរីវឌ្ឍនា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ជូ ប៊ុនអេង រដ្ឋលេខាធិកាក្រសួង មហាផ្ទៃ និងក្រុមគ្រួសារ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ បាននាំយកទៀនព្រះវស្សា និងទេយ្យទាន មួយចំនួនធំ ប្រគេនជូនវត្តក្រឡាញ់ចាស់ ភូមិស្រងាំទេ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំង ដេីម្បីប្រេីប្រាស់ក្នុងរដូវកាលចូលព្រះវស្សា។

គ្រឿង បរិក្ខារ ផ្សេងៗរបស់លោកស្រី សទ្ធាភិរ័ក្ខសិរីវឌ្ឍនា អគ្គ មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏ ជូ ប៊ុនអេង ប្រគេនជូនវត្តក្រឡាញ់ចាស់រួមមាន៖ អង្ករ ១០០ គីឡូ ទៀនព្រះវស្សាមួយគូរ ស្លាដក ១ ទឹកត្រី ៣យួរ ទឹកស៉ីអ៉ីវ ១យួរ និងបច្ច័យ បួន ២៥មុឺនរៀល ។ ជាមួយគ្នានោះ ក៏មានបច្ច័យ កសាង សាលាឆាន់ ១០០០ដុល្លារ និង ៧០មុឺនរៀល ផងដែរ។

សូមជម្រាបថា រដូវកាលចូលព្រះវស្សាមានរយៈពេល៣ខែ ដើម្បីរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ដែលគង់នៅតែក្នុងវត្ត រៀនសូត្រធម៌ វិន័យផ្សេងៗក្នុងរយៈពេល៣ ខែនៃការចូលកាន់ព្រះវស្សានេះ។ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យ យ៉ាងខ្ជាប់ខ្លួន តាមពុទ្ធឱវាទ។

សម្រាប់ព្រះសង្ឃក្នុងវត្តអារាមនីមួយៗក្នុងរយៈពេល៣ខែ ក្នុងរដូវធ្លាក់ភ្លៀង មិនអនុញ្ញាតឱ្យនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្ដែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញ ក្នុងរយៈពេល៧ថ្ងៃ។

បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេន ព្រះសង្ឃ តាមលទ្ធភាព ហើយការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគបរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង៕