(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនអ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំ អាង ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់មហាសទ្ធាភិរ័ក្ខញាណ ហ៉ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារថា «ខ្ញុំ និងភរិយា មានសេចក្តីសោកស្តាយយ៉ាងខ្លាំង ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំថា មហាសទ្ធាភិរ័ក្ខញាណ ហ៉ី ឡាយ អគ្គមហាឧបាសកពុទ្ធសានូបត្ថម្ភក៍ ដែលត្រូវជាឪពុកបង្កើត និងជាឪពុកក្មេករបស់អ្នកឧកញ៉ា បានទទួលមរណភាព នៅថ្ងៃសោរ៍ ១៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៦:១២នាទីព្រឹក ក្នុងជន្មាយុ ៩៧ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយនឹងអ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំ អាង ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ឪពុក ឪពុកក្មេក ជីតា និងជីតាទួត ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌មិនចេះរីងស្ងួត ដែលពេញមួយជីវិត មហាសទ្ធាភិរ័ក្ខញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសានូបត្ថម្ភក៍ បានបូជាកម្លាំងកាយ ចិត្ត បញ្ញា ប្រកបដោយកិត្តិយស
សេចក្តីថ្លៃថ្នូរ ភាពអំណត់តស៊ូ និង គម្រូវីរៈភាពដ៏ល្អប្រពៃ ក្នុងការចិញ្ចឹមបីបាច់ថែរក្សា អប់រំ ទូន្មាន បងប្អូន កូនចៅ ឱ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយកិរិយាមារយាទល្អ សីលធម៌ និងគុណធម៌ សម្រាប់សង្គមជាតិ ព្រមទាំងជាការបាត់បង់នូវពុទ្ធសាសនិកដ៏ល្អឆ្នើមមួយរូប ដែលមានសទ្ធាជ្រះថ្លាយ៉ាងក្រៃលែង ក្នុងការរួមចំណែកទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនា នៅប្រទេសកម្ពុជា។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធមមហាសទ្ធាភិរ័ក្ខញាណ ហ៉ី ឡាយ អគ្គមហាឧបាសកពុទ្ធសានូបត្ថម្ភក៍ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕