(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» នៅថ្ងៃទី២៤-២៧ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។

ការចូលរួមប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក សាលើមសៃ គុំម៉ាស៊ីដ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ ផ្តល់ឱកាសដើម្បី ពិភាក្សាការងារកសាងសហគមន៍អាស៊ាន រួមទាំងវិធីសាស្ត្រប្រកបដោយនវានុវត្តន៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ានបន្ថែមទៀត ដើម្បីសម្រេចបាននូវតំបន់មួយដែលកាន់តែមានភាពតភ្ជាប់ និងភាពធន់ជាងមុនសម្រាប់វិបុលភាពរួម។

លោកឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំដាច់ដោយឡែកក្រោមក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការមេគង្គ ជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន សាធារណរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិក។

ក្នុងឱកាសស្នាក់នៅទីក្រុងវៀងចន្ទន៍ រដ្ឋមន្ត្រីក្រសួងការបរទេស រួមជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រំពឹងថានឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយសមភាគីបរទេសមួយចំនួន ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញកងក្របខ័ណទ្វេភាគី និងពហុភាគី៕