(កំពង់ស្ពឺ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅក្នុងពិធីដាំកូនឈើក្នុងនៅវត្តព្រះបាស្រី ហៅវត្តអង្គភាជន៍ នៅខេត្តកំពង់ស្ពឺ បានលើកឡើងពីគោលដៅចម្បងនៃ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ដែលមានសរសរស្តម៣សំខាន់ គឺ ស្អាត បៃតង និងចីរភាព គឺធានាឱ្យបាននូវចីរភាពបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅធានាសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»

ជាមួយគ្នានេះ លោកបានបញ្ជាក់ការបំផុសស្មារតីរបស់សាធារណជន ពិសេសស្រទាប់យុវជនឱ្យស្រឡាញ់បរិស្ថាន ភពផែនដី ភាពស្អាត ស្រស់បំព្រងសម្រាប់ការរស់នៅ ក៏ដូចជាចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីប្រយោជន៍សេដ្ឋកិច្ច សង្គម និងជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលអាចទទួលបានជាអនុផលជាស្បៀង ជាជម្រករស់នៅរបស់មនុស្សសត្វ ជីវៈចម្រុះគ្រប់ប្រភេទ ផ្តល់ជាខ្យល់អាកាសបរិសុទ្ធ សុខភាពល្អទាំងអស់គ្នា និងទេសចរណ៍ធម្មជាតិ។ ការថែរក្សាបាននូវព្រៃឈើ ជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ ព្រមទាំងអាចរកចំណូលបានពីឥណទានកាបូន ដែលជាការលក់មុខងារនៃព្រៃឈើ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ លោក ខ្វៃ អាទិត្យា រួមជាមួយប្រតិភូក្រុមការងារសម្ព័នបណ្តុំសមាគមអង្គការសង្គមស៊ីវិល ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ អាជ្ញាធរមូលដ្ឋាន និងតំណាងគណបក្សនយោបាយចំនួន២២ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ និងប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។

លោក ហែម ប្រសើរ ប្រធានសម្ព័នបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានបង្ហាញពីការគាំទ្រនិងចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីផ្សព្វផ្សាយអំពីភាពបៃតង ដែលមានចែងនៅក្នុងយុត្តិសាស្រ្តចក្រ្កា ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋដាំដើមឈើ ជាចលនាបណ្តុំធម្មជាត ស្របតាមយុទ្ធនាការ «ពន្លកបៃតង» ដែលបានបង្កើតឡើងតាមការណែនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលដឹនាំកម្ពុជាឱ្យមានគម្របព្រៃ៦០%នៅឆ្នាំ២០៥០៕