(កណ្តាល)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញអធិបតីក្នុងពិធីសម្ពោធខ្លោងទ្វារ និងសមិទ្ធផលនានាក្នុងវត្តសីសទីបមូលីយារាម ហៅវត្តក្បាលកោះ សង្កាត់កោះឧញ៉ាតី ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ បានពាំនាំពាក្យពេចន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត។

គិតចាប់តាំងពីអាណត្តិទី២មក, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានចុះជួយក្នុងការកសាងមូលដ្ឋានកោះឧកញ៉ាតី បង្កើតជាសមិទ្ធផលជាច្រើនរួមមាន ផ្លូវថ្នល់ អំពូលសូឡាបំភ្លឺផ្លូវ ព្រះវិហារ កុដិ សាលាឆាន់ និងសមិទ្ធផ្សេងៗជាច្រើនទៀត។ ដោយឡែកថ្ងៃនេះ ជាការសម្ពោធខ្លោងទ្វារថ្មី និងសមិទ្ធផលនានាក្នុងវត្តសីសទីបមូលីយារាម ហៅវត្តក្បាលកោះ រួមទាំងខ្លោងទ្វារថ្មីនៃអនុវិទ្យាល័យកោះឧកញ៉ាតី ដោយសរុបជាថវិកាជិត ៤ម៉ឺនដុល្លារ។

ទន្ទឹមនោះ នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវដល់លោកតាលោកយាយអ៊ុំពូមីង និងកូនក្មួយទាំងអស់ ចូលរួមអមអរសាទរក្នុងការបើកសម្ពោធការដ្ឋានសាងសង់ព្រែកជីកហ្វូណន តាមរយៈការទូងស្គរគ្រប់វត្តអារាម និងវាយជួងគ្រប់ផ្ទះទាំងអស់ នៅវេលាម៉ោង ៩:៩នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤៕