(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូន ដែលកំពុងស្នាក់នៅ ទទួលការព្យាបាល និងស្តារនីតិសម្បទា ក្នុង «មជ្ឈមណ្ឌលឱកាសខ្ញុំ» ចំនួន ៧៨៩នាក់ ស្រី៧៨នាក់។

ទេសរដ្ឋមន្ត្រី បានសម្រេចផ្តល់នូវគ្រូបង្វឹកកីឡាតៃក្វាន់ដូ-ITF ដើម្បីជួយបង្ហាត់បង្រៀនក្បាច់ហាត់ប្រាណដល់បងប្អូននៅក្នុងមជ្ឈមណ្ឌល ដើម្បីឱ្យមានសុខភាពល្អ និងកាយសម្បទារឹងមាំ និងអាចធ្វើសមាហរណកម្មចូលក្នុងសង្គមជាតិ និងបានរស់នៅជួបជុំជាមួយក្រុមគ្រួសារវិញ។

ពិធីនេះមានការចូលរួមពីលោក សុខ ប៊ុនថា រដ្ឋលេខាធិកា តំណាងលោករដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្នាក់ដឹកនាំនិងមន្ត្រី នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងក្រុមមេធាវីស្ម័គ្រចិត្តរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

ការចុះមកនេះ ក្នុងគោលបំណងពិនិត្យមើលអំពីស្ថានភាពនៃការរស់នៅជាក់ស្តែងរបស់ជនរងគ្រោះ ដែលកំពុងស្នាក់នៅ ទទួលការព្យាបាល និងស្តារនីតិសម្បទាក្នុងមជ្ឈមណ្ឌលនេះ ដោយផ្តោតលើការប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ជនរងគ្រោះ ការថែទាំសុខភាព ការផ្គត់ផ្គង់ម្ហូបអាហារ ការអប់រំបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈ និងស្តារនីតិសម្បទា ដើម្បីធ្វើសមាហរណកម្មចូលក្នុងសង្គមជាតិវិញ។

ទេសរដ្ឋមន្ត្រីក៏បានលើកឡើងពីបញ្ហាដែលកើតមានក្នុងសង្គមជាតិ និងក្រុមគ្រួសារ ដោយឪពុកម្តាយចិញ្ចឹមបីបាច់ថែរក្សាកូនរំពឹងឱ្យកូនក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អរបស់សង្គមជាតិ ប៉ុន្តែបើក្មួយៗដើរខុសផ្លូវនាំឱ្យមានមហន្តរាយដល់សង្គមជាតិ គ្រួសារ និងខ្លួនឯងផងដែរ ព្រោះគ្រឿងញៀននេះបានផ្លាញសុខភាពធ្ងន់ធ្ងរ ធ្វើឱ្យសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តបាត់បង់ទាំងស្រុងដែលបណ្តាលឱ្យបុគ្គលនោះក្លាយជាជនមានវិបល្លាសស្មារតី ដែលឈានទៅដល់ការប្រើ អំពើហិង្សាក្នុងគ្រួសារ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ បង្កគ្រោះថ្នាក់ចរាចរណ៍ អុកឡុកដល់សន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសារធារណៈ បាត់បង់នូវអនាគត និងឱកាសការងារ បង្កការភ័យខ្លាចដល់ក្រុមគ្រួសារ ប្រជាជនក្នុងមូលដ្ឋានធ្វើឱ្យបាត់បង់នូវធនធានមនុស្សក្នុងសង្គម និងក្លាយជាបន្ទុករបស់រដ្ឋាភិបាលទៀតផង។

ទេសរដ្ឋមន្ត្រី បានលើកឧទាហរណ៍ពីបញ្ហាប្រទេសមួយដែលកើតឡើងជាង១០០ឆ្នាំមកហើយ ចង់ធ្វើការឈ្លានពាន និងគ្រប់គ្រងប្រទេសមួយទៀត ដោយប្រើប្រាស់ថ្នាំញៀនជាមធ្យោបាយក្នុងការបញ្ជ្រាបចូល ដើម្បីបំផ្លាញនូវសុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសនោះ។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់ក្មួយៗត្រូវមានឆន្ទៈប្តេជ្ញាចិត្តយ៉ាងមោះមុតដោយខ្លួនឯងក្នុងការផ្តាច់គ្រឿងញៀននេះឱ្យបានខិតខំកែប្រែ កសាងខ្លួន ដើម្បីទទួលបានទំនុកចិត្តពីឱពុក ម្តាយ បងប្អូន និងចូលរួម កសាង ការពារ និងអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន។

ក្នុងនោះផងដែរ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការណ៍ក្តៅក្នុងការគ្រប់គ្រងប្រទេសមិនឲ្យមានគ្រឿងញៀន រហូតចាត់វិធានការណ៍តាមក្រសួង ស្ថាប័ន ធ្វើតេស្តគ្រឿងញៀនចំពោះថ្នាក់ដឹកនាំ និងមន្ត្រី ប្រសិនបើមានមន្ត្រីរូបណាមានសារធាតុញៀន នោះនឹងត្រូវបណ្តេញចេញពីក្របខណ្ឌតែម្តង។

ទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមកុំមានការរើសអើងចំពោះជនរងគ្រោះដោយសារធាតុញៀន នៅពេលគាត់បានធ្វើសមាហរណកម្មទៅសង្គមជាតិវិញ ត្រូវជួយផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តគាត់ឱ្យផ្តាច់ពីសារធាតុញៀននេះ។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូន រួមទាំងប្រជាពលរដ្ឋទាំងអស់ ជាពិសេសសុខភាព និងសិទ្ធិរស់រានមានជីវិត និងព្រមទាំងថ្លែងអំណរគុណផងដែរ ចំពោះលោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់លើការគ្រប់គ្រង និងការរស់នៅរបស់ជនរងគ្រោះក្នុងមជ្ឈមណ្ឌលឱ្យកាន់តែប្រសើរឡើង។ ក្នុងនោះផងដែរទេសរដ្ឋមន្ត្រី ក៏បាននាំយកនូវអំណោយជាឱសថ និងគ្រឿងឧបភោគបរិភោគចាំបាច់មួយចំនួនសម្រាប់ប្រើប្រាស់ក្នុងមជ្ឈមណ្ឌល៕