(ភ្នំពេញ)៖ លោក អាទល់ ខារ៉េ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​គាំទ្រប្រតិបត្តិការរក្សាសន្តិភាព បានថ្លែងកោតសរសើរកងកម្លាំងមួកខៀវរបស់កម្ពុជាថា ជានាយទាហានប្រកបដោយភាពក្លាហាន មានវិន័យ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

លោកអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានបង្ហាញការកោតសរសើរនេះ ក្នុង​ជំនួប​សម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភាកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភា។

ក្រៅពីថ្លែងកោតសរសើរចំពោះការបំពេញការងាររបស់កងកម្លាំងមួកខៀវរបស់កម្ពុជាហើយនោះ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន, លោក អាទល់ ខារ៉េ ក៏បានសម្តែងការ​សោក​​​ស្តាយ និងចូលរួមរំលែកមរណទុក្ខ​ដ៏ក្រៀមក្រំបំផុត ជាមួយសម្តេចតេជោ ក៏ដូច​ជាក្រុ​ម​គ្រួសារ ចំពោះការបាត់បង់អាយុជីវិតរបស់កងកម្លាំងមួក​ខៀវកម្ពុជា​ចំនួន១១នាក់ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

លោកអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានលើកឡើងថា ការពលីជីវិតនេះ ទោះ​បី​អង្គការសហប្រជាជាតិ បានផ្តល់ប្រាក់ធានារ៉ាប់រងអាយុជីវិតយ៉ាងណាក្តី ប៉ុន្តែមិនអាចធ្វើ​ឱ្យ​ពួក​​គេមានជីវិតឡើងវិញបាននោះឡើយ។

នៅក្នុងជំនួបនេះ លោក អាទល់ ខារ៉េ បានថ្លែងកោតសរសើរពីការប្តេជ្ញារបស់ប្រទេស​កម្ពុជា ក្នុងការចូលរួមប្រតិបត្តិការរក្សាសន្តិភាពក្នុងពិភពលោក ជាពិសេស ការធ្វើជាម្ចាស់​ផ្ទះរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «កម្មវិធីភាពជាដៃគូត្រីភាគី របស់អ.ស.ប. (អ.ស.ប. Triangular Partnership Program, TPP)» ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងប្រទេសកូរ៉េខាងត្បូង នៅខែវិច្ឆិកា ឆ្នាំ២០២៤ និងជាមួយប្រទេសជប៉ុនក្នុងឆ្នាំ២០២៥។

លោកអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ចាត់ទុកសកម្មភាពនេះបង្ហាញឱ្យឃើញ​ថា កម្ពុជាស្ថិតនៅលើគន្លងផ្លូវដ៏ប្រសើរ ដែលចាកចេញពីប្រទេសធ្លាប់ទទួលបេសកកម្ម​រក្សា​សន្តិភាពរបស់អង្គការសហប្រជាជាតិ មកជាប្រទេសផ្តល់កងកម្លាំងរក្សាសន្តិភាពផង និងបណ្តុះបណ្តាលកងទ័ពរក្សាសន្តិភាពផង ដែលមានទាំងផ្នែកយោធាប្រយុទ្ធការពារ ផ្នែក​ពេទ្យ និងគិលានុបដ្ឋាយិកា និងកងទ័ពបោសសម្អាតមីន ឱ្យកាន់តែមានសមត្ថភាព និងប្រសិទ្ធភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការចូលរួមរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារនៃយុទ្ធជនកម្ពុជាទាំង១១រូប​ដែលបានពលីជីវិតក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនាពេលកន្លងមក។

ទន្ទឹមនឹងការប្តេជ្ញាបន្តសហការជាមួយអង្គការសហប្រជាជាតិ សម្តេចតេជោប្រធាន​ព្រឹទ្ធ​សភាកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនពាក់ព័ន្ធបេសកកម្មរក្សាសន្តិភាព​ ជូនទៅ​លោក​​អគ្គលេខាធិការ​រងអង្គការសហប្រជាជាតិផងដែរ។ អនុសាសន៍ ដែលសម្តេចតេជោ បានផ្តល់នោះរួមមាន៖

ទី១៖ គប្បីយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការពិនិត្យជ្រើសរើសនាយទាហានជា​មេបញ្ជា​ការ និងសេនាធិការ ដែលចាំបាច់ត្រូវតែជានាយទាហានដែលមានជំនាញ និងសមត្ថភាព​ជាយុទ្ធសាស្រ្ត ក្នុងការដាក់ពង្រាយកម្លាំងទ័ពដែលជួយគាំទ្រឱ្យមានប្រសិទ្ធភាពខ្ពស់។

ទី២៖ បង្កើនការយកចិត្តទុកដាក់ចំពោះកងកម្លាំងរក្សាសន្តិភាព នៅប្រទេសលីបង់ ទោះបី​ជាស្ថានភាពសង្រ្គាមក្នុងប្រទេសលីបង់ មានភាពស្ងប់ស្ងាត់ក៏ដោយ ដើម្បីមានវិធានការ​ជួយអន្តរាគមន៍ និងឆ្លើយតបទាន់ពេលវេលា។

សម្តេចតេជោ ក៏បានសម្តែងការពេញចិត្ត និងគាំទ្រយ៉ាងខ្លាំង ដែលកម្ពុជា ត្រូវបានជ្រើស​រើសជាដៃគូ និងជាម្ចាស់ផ្ទះសម្រាប់កម្មវិធីភាពជាដៃគូត្រីភាគីរក្សាសន្តិភាពរបស់អង្គការ​សហប្រជាជាតិ ដោយសហការជាមួយកូរ៉េខាងត្បូង និងជប៉ុន។

សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជា គឺជាជម្រើសដ៏ល្អបំផុត សម្រាប់ភាពជាដៃគូ​ត្រី​ភាគីនេះ អាស្រ័យដោយកត្តាសន្តិភាព មានជំនាញក្នុងការបោសសម្អាតមីន ជាប្រទេស​ធ្លាប់ឆ្លងកាត់សង្រ្គាម និងមានការចំណាយតិច។ បន្ថែមពីលើនោះ កម្ពុជា ក៏ជាម្ចាស់ផ្ទះ​នៃមជ្ឈ​មណ្ឌលសកម្មភាពមីនអាស៊ានផងដែរ។

ក្នុងនាមជាម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលសកម្មភាពមីនរបស់អាស៊ាន សម្តេចតេជោ បាន​បញ្ជាក់​ថា ក្រៅពីប្រទេសសមាជិកអាស៊ាន កម្ពុជា បើកទ្វារស្វាគមន៍រាល់ប្រទេស​ទាំងអស់ ដែល​ចង់បញ្ជូនមន្រ្តីមករៀនជំនាញបោសសម្អាតមីននៅកម្ពុជា ដែលកន្លងមកក៏មានប្រទេស​អ៊ុយក្រែនផងដែរ។

«កម្ពុជា ចាំច្បាស់ណាស់ថា ប្រទេសជាមិត្តបានពាក់មួកខៀវមកជួយកម្ពុជា ដូចនេះ​កម្ពុជា ក៏ត្រូវពាក់មួកខៀវជួយប្រទេសទាំងអស់ដែលជាមិត្តរបស់កម្ពុជាវិញដូចគ្នា​ផង​ដែរ»។ នេះជាការបញ្ជាក់ជំហររបស់កម្ពុជាលើបេសកកម្មរក្សាសន្តិភាព ដោយសម្តេចតេជោ ហ៊ុន សែន។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដែលបានសម្រេចចិត្តក្នុងការបញ្ជូនកងទ័ព​កម្ពុជា​ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិកាលពីឆ្នាំ២០០៦។ សម្តេចតេជោ ធ្លាប់បានបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺជាការលំបាក និងជាការទទួលខុសត្រូវដ៏ធំផងដែរ ចំពោះមុខនៃសុខសុវត្ថិភាពរបស់កងកម្លាំងកម្ពុជា។

ចាប់ពីឆ្នាំ២០០៦ ដល់ខែមិថុនា ឆ្នាំ ២០២៤ កម្ពុជាបានបញ្ជូនកងទ័ពរក្សា​សន្តិ​ភាព ក្រោមឆ័ត្រអង្គការសហប្រជាតិ ចំនួន ៩,៥៧០នាក់ (ស្ត្រី ៨១៨នាក់) ទៅបេសក​កម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន ១០ រួមមាន ប្រទេសស៊ូ​ដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្រ្វិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី យេម៉ែន និងកុង​ហ្គោ។

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ មានកងទ័ពរក្សាសន្តិភាពកម្ពុជាចំនួន ៦២៧ ស្ត្រី ១២៥នាក់ ត្រូវបានដាក់ពង្រាយ នៅស៊ូដង់ខាងត្បូង (UNMISS) លីបង់ (UNFIL) អាហ្រ្វិកកណ្តាល (MINUSCA) កុងហ្គោ (MONUSCO) និងស៊ូដង់ (UNISFA)។

កម្ពុជាបន្តឈរនៅលំដាប់កំពូលទាំង២៥ ក្នុងចំណោមប្រទេសចំនួន១២១ ដែលរួម​ចំណែកកងទ័ពក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាប់​ចំណាត់​ថ្នាក់លេខ៣ (បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី) នៃបណ្តាប្រទេស​អាស៊ាន។ សម្រាប់ការរួមចំណែកដល់កងទ័ពស្ត្រី កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៤ ក្នុងចំណោមប្រទេសចំនួន១១៩ និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេស​អាស៊ាន៕