(ភ្នំពេញ)៖ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃក្រុមការងារក្នុងរចនាសម្ព័ន្ធ ស.ស.យ.ក. វិស័យលើកទី២ ចំនួន១៨ (ក្នុងចំណោម ៣៤វិស័យ) នៅមជ្ឈមណ្ឌលម៉ានី អគារ The Kampus។

កិច្ចប្រជុំនេះមានការអញ្ជើញចូលពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធាន ស.ស.យ.ក. តាមបណ្តាវិស័យសរុបចំនួន ៤០ រូបផងដែរ។

កិច្ចប្រជុំជាមួយក្រុមការងារស.ស.យ.ក. វិស័យត្រូវបានធ្វើឡើងចំនួន ២លើក គឺនៅថ្ងៃទី១៩ និងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដោយមានវិស័យចំនួន ៣៤ចូលរួម។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងបន្តតាមដានវឌ្ឍនភាពការងារដែលសម្រេចបានជាបន្តបន្ទាប់ ជាពិសេសស្តាប់នូវបញ្ហាប្រឈម និងសំណូមពរនានា ព្រមទាំងលើកទិសដៅការងារឆ្ពោះទៅមុខរបស់ក្រុមការងារ ស.ស.យ.ក. វិស័យ ដើម្បីស្វែងរកដំណោះស្រាយ និងតម្រង់ទិសលើការងារបន្តពង្រឹងកិច្ចការងារចលនាយុវជនបន្ថែមទៀតផងដែរ។

ក្រោយពីស្តាប់នូវរបាយការណ៍របស់ក្រុមការងារវិស័យទាំង ១៧ រួចមក លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមការងារវិស័យទាំងអស់ ដែលបានបំពេញសកម្មភាពការងារ បើទោះបីជាមានការមមាញឹកពីការងារស្នូលយ៉ាងណាក្តី។

លោកបានបន្តថា ការមកជួបជុំគ្នារបស់ក្នុងឯកសណ្ឋានតែមួយនាឱកាសនេះ បានបង្ហាញពីការបន្តរក្សាកែដំណែលរបស់ថ្នាក់ដឹកនាំ ដែលជាយុវជនជំនាន់មុន។ ជាទីបញ្ចប់ អង្គប្រជុំបានឯកភាពក្នុងការរៀបចំធ្វើជាប្រចាំ ដើម្បីជាវេទិការំលឹកបេសកកម្មដែលយើងត្រូវបន្តរួមគ្នា ក៏ដូចជាធ្វើការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកផងដែរ៕