(ភ្នំពេញ)៖ លោក អ៊ុង ជិនណា អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា កម្ពុជាមានមោទនភាព​ដែលបាននិងកំពុងចូលរួមអនុវត្តកម្មវិធីផ្លាស់ប្តូរគ្រូបង្រៀនកូរ៉េ-កម្ពុជា ដែលជាផ្នែកមួយនៃគម្រោង Asia Pacific Teacher Exchange for Global Education (APTE) ដែលរៀបចំដោយក្រសួងអប់រំកូរ៉េ និងអនុវត្តដោយ UNESCO APCEIU។

លោក អ៊ុង ជិនណា បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ នាឱកាសតំណាងលោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បើកកម្មវិធី ផ្លាស់ប្តូរគ្រូបង្រៀនអន្តរជាតិកូរ៉េ-កម្ពុជា ឆ្នាំសិក្សា ២០២៣-២០២៤ ដោយបង្រៀនតាមអនឡាញ ដែលបានធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីលោកស្រី Kim Minsol អ្នកសម្រប​សម្រួលគម្រោង APCEIU/ UNESCO និងមានលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ គណៈប្រតិភូកូរ៉េ លោកនាយក លោកគ្រូ អ្នកគ្រូ ជាច្រើនរូបទៀត។

លោក អ៊ុង ជិនណា បានបន្ថែមថា កម្ពុជាបានដាក់ជំនឿយ៉ាងមុតមាំលើកម្មវិធីនេះតាំងពីចាប់ផ្តើមនៅឆ្នាំ២០១៧មកម៉្លេះ។ ប៉ុន្មានឆ្នាំកន្លងមកនេះទោះបីជាមានការរំខានដោយជំងឺរាតត្បាតក៏ដោយ យើងនៅតែ​អាចរក្សាកម្មវិធីនេះបានជានិច្ច ហើយកម្មវិធីនេះពិតជាកម្មវិធីភាពជាដៃគូផ្នែកអប់រំដ៏មានអត្ថប្រយោជន៍ មានឥទ្ធិពលមិនអាចបំភ្លេចបាន និងលើកទឹកចិត្តដល់គ្រូបង្រៀនជនជាតិកម្ពុជាបានចូលរួមកម្មវិធីនេះ។ យើងរីករាយក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំកូរ៉េ និងរក្សាតម្លៃឲ្យគ្នាទៅវិញទៅមកកាន់តែប្រសើរឡើងៗ។

ជាមួយនឹងការកើនឡើងនៃចំនួនគ្រូបង្រៀនជនជាតិកម្ពុជា ដែលទទួលបាននូវឱកាសអភិវឌ្ឍន៍វិជ្ជាជីវៈនៅក្នុងប្រទេសកូរ៉េ ក៏ដូចជាការធ្វើការផ្លាស់ប្តូរតាមអនឡាញជាមួយគ្រូ និងសិស្សកូរ៉េ យើងជឿជាក់ថា គ្រូបង្រៀន និងបានទទួលនូវសមត្ថភាព និងទំនុកចិត្តដ៏មានតម្លៃបន្ថែមទៀតដែលចាំបាច់ ដើម្បីជំរុញការផ្លាស់ប្តូរជាវិជ្ជមានក្នុងវិស័យអប់រំនៅកម្ពុជា គ្រូបង្រៀនទាំងនេះគឺជាគ្រូបង្រៀនដែលមានគុណតម្លៃ និងមានសមត្ថភាពទាំងផ្នែកគ្រប់គ្រង និងវិធីសាស្រ្តបង្រៀនប្រកបដោយឧត្តមភាពក្នុងការអនុវត្តសេវាកម្មអប់រំក្នុងសាលារៀន ក៍ដូចជាសង្គម និងសហគមន៍របស់ពួកគេនៅទូទាំងប្រទេស។

លោក អ៊ុង ជិនណា បានបន្ថែមថា ក្រសួងអប់រំ កំពុងពង្រីកទស្សនវិស័យជាសកលរបស់ខ្លួនដោយមានហេតុផលដើម្បីគិតគូរគ្រូបង្រៀនឱ្យសមនឹងទទួលបានឱកាសគ្មានទីបញ្ចប់ ក្នុងការផ្លាស់ប្តូរ​​សមត្ថភាព វិជ្ជាជីវៈរបស់ពួកគេ ដើម្បីបង្កើនទំនុកចិត្ត និងសមិទ្ធផលរបស់ពួកគេ។ យើងជឿជាក់យ៉ាងមុតមាំថា គ្រូបង្រៀនទាំងនេះនឹងក្លាយជាមូលធនមនុស្សដ៏រឹងមាំ ដែលចូលរួមជំរុញឱ្យការអប់រំនៅកម្ពុជា​ឆ្ពោះទៅ​សម្រេចគោលដៅអភិវឌ្ឍសហវឌ្ឍន៌ប្រកបដោយចីរភាពឲ្យខាងតែបាន ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំកូរ៉េ តាមរយៈការសម្របសម្រួលអនុវត្តដោយអង្គការ APCEIU, UNESCO។

នាឱកាសនោះដែរលោក អ៊ុង ជិនណា ក្នុងនាមក្រសួងអប់រំ ក៏សូមការអធ្យាស្រ័យចំពោះក្រសួងអប់រំកូរ៉េ និងអង្គការ APCEIU,UNESCO ចំពោះការផ្លាស់ប្តូរប្រតិទិនសិក្សាឆ្នាំ២០២៣-២០២៤ដោយសារកត្តា​ប្រែប្រួលអាកាសធាតុ និងដើម្បីបង្កើនគុណភាពសិក្សារបស់សិស្ស ជាហេតុធ្វើឲ្យមានការបត់បែនកម្មិធីផ្លាស់ប្តូរគ្រូបង្រៀនជនជាតិកូរ៉េ ពីការបង្រៀនផ្ទាល់ មកជាកម្មវិធីបង្រៀនតាមអនឡាញវិញ ដែលកំពុងធ្វើ នៅតាមសាលាគោលដៅទាំងបួនក្នុងរាជធានីភ្នំពេញ ដូចជាសាលាបឋមសិក្សាព្រះនរោត្តម អនុវិទ្យាល័យចតុមុខ វិទ្យាល័យព្រហស៊ីសុវត្តិ និងវិទ្យាល័យព្រែកលាប។ ចាប់ពីឆ្នាំសិក្សា ២០២៤-២០២៥ តទៅនឹងអនុវត្តតាមប្រតិទិនឆ្នាំសិក្សាថ្មី៕