(ភ្នំពេញ)៖ លោក ឆាត់ សុភាព នាយកប្រចាំប្រទេសនៃអង្គការវ័តធឺអេតកម្ពុជា បានថ្លែងបញ្ជាក់ឱ្យដឹងថា លទ្ធភាពទទួលបានសេវាប្រើប្រាស់ទឹកស្អាត និងអនាម័យនៅគ្រប់ក្រុមគ្រួសារ គឺជាការលើកកម្ពស់​សុខុមាលភាពដ៏ប្រសើររបស់ប្រជាពលរដ្ឋគ្រប់រូប ហើយកិច្ចការនេះរាជរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមគ្នាអនុវត្តន៍។

លោក ឆាត់ សុភាព បានលើកឡើងយ៉ាងដូចនេះ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញចុះហត្ថលេខារួមគ្នាប្រគល់ និងទទួលថវិកាសប្បុរសធម៌ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា​ ចំនួន ២៥,០០០ដុល្លារអាមេរិក សម្រាប់គាំទ្រសកម្មភាព​លើកកម្ពស់វិស័យទឹកស្អាតជនបទនៅក្នុងប្រទេសកម្ពុជា។

លោក ឆាត់ សុភាព បានបន្ថែមថា តាមរយៈកញ្ចប់ជំនួយហិរញ្ញវត្ថុសប្បុរសធម៌របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអេទីកា នៅថ្ងៃនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ៣០០គ្រួសារ និងសិស្សសាលាចំនួន ២៥០នាក់ ដែលកំពុងត្រូវការជំនួយតភ្ជាប់សេវាទឹកស្អាតប្រើប្រាស់តាមផ្ទះ និងសាលារៀនក្នុងភូមិសាស្ត្រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បន្ថែមលើនេះលោក ឆាត់ សុភាព បានបញ្ជាក់ថា អង្គការវ័តធឺអេតកម្ពុជា នឹងប្រើប្រាស់ជំនួយហិរញ្ញវត្ថុគាំទ្រសង្គមរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអេទីកា ឱ្យមានប្រសិទ្ធភាពស្របតាមបេសកកម្ម របស់អង្គការវ័តធឺអេតកម្ពុជា ក្នុងការលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យសម្រាប់មនុស្សគ្រប់រូបប្រកបដោយបរិយាបន្ន ដោយយើងមិនទុកឱ្យនរណាម្នាក់ឯកោនោះទេ ហើយការគាំទ្រសុខុមាលភាព​​ប្រជាជនតាមរយៈការផ្តល់ទឹកស្អាតប្រើប្រាស់តាម គ្រួសារក៏ដូច្នេះដែរ។

លោក ហ៊ង វុទ្ធី នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអេទីកា បានឱ្យដឹងថា នេះគឺជាសមិទ្ធផលដ៏ធំធេងមួយក្នុងការប្តេជ្ញាចិត្តបន្តរបស់យើងក្នុងការធានាឱ្យមានការប្រើប្រាស់ទឹកស្អាត និង សុវត្ថិភាពសម្រាប់ទាំងអស់គ្នា។ ដំណាក់កាលទី១ និងទី២ របស់យើងបានទទួលជោគជ័យ ដោយផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់គ្រួសារ ៨៤៧គ្រួសារ នៅក្នុងខេត្តកណ្តាល ចាប់តាំងពីខែមករា ឆ្នាំ២០២៣។ នេះគឺជាសមិទ្ធផលដ៏ធំធេងមួយ ក្នុងការប្តេជ្ញាចិត្តបន្តក្នុងការធានាឱ្យមានការប្រើប្រាស់ទឹកស្អាត និងសុវត្ថិភាពសម្រាប់ទាំងអស់គ្នា។

យោងទៅលើភាពជោគជ័យនេះ ក្រុមហ៊ុននឹងបន្តចាប់ដៃគូជាមួយអង្គការវ័តធឺអេតកម្ពុជា ដើម្បីអនុវត្តកម្មវិធីលើកកម្ពស់វិស័យទឹកស្អាត ដំណាក់កាលទី៣ ដែលគម្រោងនេះមានរយ:ពេល ៧ខែ មានទឹកប្រាក់ ២៥០០០ដុល្លារអាមេរិកនេះ ដើម្បីផ្តល់ទឹកស្អាតដល់គ្រួសារ ៣០០គ្រួសារបន្ថែមទៀតនៅក្នុងខេត្តកំពង់ស្ពឺ ដែលជាតំបន់គោលដៅថ្មីមួយដែលលទ្ធភាពទទួលបានទឹកស្អាតនៅតែជាបញ្ហាប្រឈម។

គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៤ នាយកដ្ឋានជំនាញនៃក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា អត្រាគ្របដណ្តប់ទឹកស្អាតជនបទជាមូលដ្ឋាន សម្រេចបានជាង ៨៣% និងអត្រាគ្របដណ្តប់អនាម័យ​ជនបទ ជាមូលដ្ឋានសម្រេចបានជាង ៨៦% ដែលក្នុងនោះមានរាជធានី-ខេត្តចំនួន៧ បានសម្រេចបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) រួមមាន៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប និងខេត្តព្រះសីហនុ។ នៅកម្ពុជាកំណើនអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារប្រជាជននៅតំបន់ជនបទភាគច្រើន បានផ្លាស់ប្តូរ​​ទម្លាប់ពីការបន្ទោរបង់ពាសវាលពាសកាល មកសាងសង់បង្គន់ និងប្រើប្រាស់ទឹកស្អាត។

ទន្ទឹមគ្នានេះផ្អែកតាមតួលេខអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ការបន្តលើកកម្ពស់សេវាអនាម័យ និងទឹកស្អាត​នៅតែជាកិច្ចការចាំបាច់​ដែលរាជរដ្ឋាភិបាល និងដៃគូ​ពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់។ បច្ចុប្បន្ននៅមានប្រជាពលរដ្ឋប្រមាណជា ១៤% ដែលមិនទាន់មានបង្គន់សមរម្យ និងប្រមាណជា ១៧% មិនទាន់មានទឹកស្អាតប្រើប្រាស់នៅផ្ទះនៅឡើយជាពិសេសគ្រួសារក្រីក្រ ជនងាយរងគ្រោះ និងប្រជាពលរដ្ឋដែលរស់នៅតំបន់បរិស្ថានប្រឈមផ្នែកអនាម័យ ដូចជាតំបន់ដាច់ស្រយាល តំបន់ទឹកលិចតាមរដូវកាល និងតំបន់ ដីរឹងដែលពិបាកក្នុងការសាងសង់បង្គន់ជាដើម៕